លោក ផៃ ស៊ី​ផាន ច្រានចោលការលើកឡើង ថា សម្តេចតេជោ  មានបញ្ហាសុខភាព ទើបមិនចេញមុខក្នុងកម្មវិធីផ្សេងៗ

​ភ្នំពេញ​៖ ការមិន​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​សុក្រ ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ ដោយសារតែ​រាជរដ្ឋាភិបាល មិនទាន់មាន​របៀបវារៈ​ណា ដែល​ត្រូវ​ប្រជុំ​សម្រេច​នៅឡើយ​នេះបើយោងតាមលោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ថ្លែងក្នុង​សន្និសីទកាសែត​ប្រចាំ​សប្តាហ៍ នា​នាព្រឹកថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩។

លោក ផៃ ស៊ី​ផាន បានប្រកាសថា សម្តេច​តេ​ជោ ហ៊ុន សែន មាន​សុខ​ភាពល្អ ហើយ​សម្តេច​បាន​បំពេញការងារ​ជាធម្មតា រៀងរាល់ថ្ងៃ​។​

លោក ផៃ ស៊ី​ផាន ក៏បាន​ច្រានចោល​នូវ​ការលើកឡើង និង​ការវិភាគ​នានា ដែលថា សម្តេច​តេ​ជោ ហ៊ុន សែន កំពុងមាន​បញ្ហា​សុខភាព ទើប​មិន​ចេញមុខ​ក្នុង​កម្មវិធី​សាធារណៈ​នានា ក៏ដូចជា ការដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ជាដើម​។ ប៉ុន្តែ​តាមពិត សម្តេច​បាន​បំពេញការងារ​រៀងរាល់ថ្ងៃ ហើយ​លោក​ក៏​ទើបតែ​ជួប​សម្តេច កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​។​

​សូម​រម្លឹកថា បន្ទាប់ពី​វិលត្រឡប់​មកពី​បំពេញបេសកកម្ម​ការងា​រ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លៀត​ជិះ​កង់ ហាត់ប្រាណ ក៏​ដួល​កង់ ហើយ​បណ្តាល​ឲ្យ​សម្តេច គ្រិ​ក​ស្មា ដែល​ត្រូវ​អញ្ជើញ​ទៅពិនិត្យ​ព្យាបាល នៅ​មន្ទីរពេទ្យ ក្នុងប្រទេស​សឹង្ហ​បុរី​។​

​បន្ទាប់ពី​វិលត្រឡប់​មកពី​ប្រទេស​សឹង្ហ​បុរី សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds