លោក សម រង្ស៊ី ៖ លោក ហ៊ុន សែន ថយក្រោយវិញចំពោះសារព្រមានតំណាងរាស្រ្តEU ដែលចង់អមដំណើរ
ភ្នំពេញ៖ បន្ទាប់ពីហាមឃាត់ តំណាងរាស្ត្រអឺរ៉ុប ៦ រូប មិនឲ្យអមដំណើរលោក សម រង្ស៊ី ពេលលោកវិលត្រឡប់មកកម្ពុជាវិញ ឥឡូវលោក ហ៊ុន សែន ថយក្រោយវិញ ដោយប្រកាសថា ការហាមឃាត់របស់គាត់ គឺជាព័ត៌មានមិនពិត។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី តាមរយៈបណ្តាញទំនាក់ទំនងសង្គមនៅយប់ថ្ងៃនេះ ។
លោក សម រង្ស៊ី បន្ថែមថា ភាសាត្រឡប់ត្រឡិនបែបនេះ របស់លោក ហ៊ុន សែន សឲ្យឃើញថាគាត់កំពុងតែទទួលសម្ពាធអន្តរជាតិ កាន់តែខ្លាំងឡើង ហើយក៏ជាជោគជ័យមួយដ៏ធំធេង សម្រាប់អ្នកប្រជាធិបតេយ្យទូទាំងពិភពលោក។
គួររំលឹកថា លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ព្រមានតំណាងរាស្រ្តសហភាពអឺរ៉ុបដែលថា ចង់អមដំណើរអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជា។ លោក ថា ចំពោះជនជាតិកម្ពុជាការវិលចូលប្រទេសរបស់ខ្លួនគ្មានការហាមឃាត់ទេ ។ ប៉ុន្តែ ថា ចំពោះអ្នកដែលមានដីកាឱ្យចាប់ខ្លួនពីតុលាការ លោកចាំបាច់ត្រូវនាំទៅឃុំខ្លួននៅក្នុងពន្ធនាគារ។ រីឯតំណាងរាស្រ្តសហភាពអឺរ៉ុបទាំង៦នាក់ដែលថាអមដំណើរនោះ រដ្ឋាភិបាលនឹងមិនបំពេញឯកសារផ្លូវច្បាប់ឱ្យចូលកម្ពុជាទេ៕
អត្ថបទ៖ សុខ លាភ