មូលនិធិគន្ធបុប្ផាកម្ពុជាព្រមានប្រើធម៌ក្តៅ ចំពោះអ្នកយកលេសប្រគុំតន្ត្រី ដើម្បីរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ផា តែមិនបម្រើផលប្រយោជន៍របស់មន្ទីរពេទ្យ

(ភ្នំពេញ)៖ ចាប់តាំងពីត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ កន្លងមក មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលការបរិច្ចាគយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនឯកជន អង្គការ សមាគមន៍ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាពលរដ្ឋដែលរស់នៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។ ទន្ទឹមនឹងនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សង្កេតឃើញមានសកម្មភាពកៀរគរមូលនិធិក្រោមរូបភាពផ្សេងៗរួមមាន៖ ការប្រគុំតន្ត្រី ការលក់ផលិតផល និងការដើររៃអង្គាសប្រាក់ជាដើម ក្នុងគោល-បំណងប្រមែប្រមូលធនធានបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ ឬតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងនាមអាណាព្យាបាលកុមារ និងក្នុងនាមមន្ទីរពេទ្យផ្ទាល់ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងចលនាកៀរគរការបរិច្ចាគទាំងអស់ ដែលទាំងនេះសុទ្ធសឹងជាកាយវិការសប្បុរសធម៌ដ៏ប្រសើរបំផុតក្នុងការចូលរួមធានាឱ្យបាននូវនិរន្តរភាពនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ទោះជាយ៉ាងណា មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សង្កេតឃើញមានសកម្មភាពមួយចំនួនដំណើរការដោយមានលក្ខណៈមិនសមរម្យ និងមិនប្រក្រតីដែលអាចជាការឆ្លៀតឱកាស និងមិនបម្រើឱ្យផលប្រយោជន៍របស់មន្ទីរពេទ្យទាំងស្រុង។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមធ្វើការអំពាវនាវសូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពមិនប្រក្រតីទាំងនោះ បើពុំដូច្នេះ មូលនិធិគន្ធបុប្ផាកម្ពុជា នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីមានវិធានការផ្លូវច្បាប់។

ចំពោះសកម្មភាពកៀរគរការបរិច្ចាគនានា ដែលមានឆន្ទៈបម្រើដល់ផលប្រយោជន៍របស់មន្ទីរពេទ្យគន្ធ-បុប្ផាពិតប្រាកដ មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តមកសហការដោយផ្ទាល់ជាមួយ លេខាធិការដ្ឋាន-មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅក្នុងទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគារ é គ ê ជាន់ផ្ទាល់ដី ឬ ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៦១ ៧០១ ១១១ ឬ ០៩៦ ៧០១ ១១១១។

លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា រីករាយនឹងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងចំពោះភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងអនុញ្ញាតឱ្យប្រើប្រាស់រូបសញ្ញារបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាស្លាកសញ្ញាផ្សេងៗក្នុងការអនុវត្តសកម្មភាពស្របច្បាប់នានា៕

ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds