បង្ហាញមុខអ្នកកាសែតវ័យក្មេង ដែលទម្លាយសារសម្ងាត់តិះដៀលលោក ដូណាល់ ត្រាំ ពីក្រោយខ្នង រហូតបង្ខំឲ្យអគ្គរាជទូតអង់គ្លេសលាលែង (Photo inside)
កាលពីប៉ុន្មានសប្តាហ៍មុន រឿងអាស្រូវលេចធ្លាយសារអ៊ីម៉ែល របស់ឯកអគ្គរាជទូតអង់គ្លេសលោក គីម ដារ៉ូច (Kim Darroch) ដែលរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីក្រោយខ្នងនោះបានផ្ទុះឡើង និងឈានដល់ការលាលែងពីតំណែងរបស់ លោក Kim ថែមទៀត។ ការលាតត្រដាងសារទាំងនោះ ត្រូវបានធ្វើឡើងដោយអ្នកកាសែតវ័យក្មេងម្នាក់ឈ្មោះ ស្ទេវ អ៊ែដជីងតុន (Steve Edginton)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៩។ តាមរយៈអត្ថបទមួយចុះផ្សាយនាថ្ងៃអាទិត្យកន្លងទៅ ដោយសារព័ត៌មានអង់គ្លេស The Daily Mail លោក Edginton ដែលជាអ្នកកាសែតធ្វើការងារដោយឯករាជ្យបានបង្ហើបឲ្យដឹងថា រូបលោកជាអ្នកដែលបានបញ្ចេញសារអ៊ីម៉ែលរបស់ លោក Darroch ដែលមានផ្ទុកខ្លឹមសាររិះគន់លើលោក ដូណាល់ ត្រាំ ថាជាមនុស្សគ្មានសមត្ថភាពជាដើម។
អ្នកកាសែតវ័យ ១៩ឆ្នាំរូបនេះបានទទួលស្គាល់ថា លោកអាចប្រឈមនឹងការចាប់ខ្លួន ព្រោះការបញ្ចេញព័ត៌មានរសើបខាងលើ បើទោះបីជាលោកមិនមែនជាប្រភពដើម ដែលទទួលបានសារអ៊ីម៉ែលទាំងនោះក៏ដោយ។ លោក Edginton ពុំបានបង្ហើបឲ្យដឹងឈ្មោះ ពីប្រភពដើមពិតប្រាកដនៃព័ត៌មានឡើយ ហើយក៏បានប្តេជ្ញារក្សាការពារអត្តសញ្ញាណរបស់ពួកគេផងដែរ។ គួរជម្រាបថា បើតាមសារព័ត៌មានអង់គ្លេស The Guardian លោក Edginton បានចាប់ផ្តើមអាជីពជាអ្នកសារព័ត៌មានតាំងពីអាយុ ១៦ឆ្នាំ ដោយពីដំបូងឡើយគឺជាអ្នក YouTuber ដែលផ្តោតលើការពិភាក្សាពីបញ្ហានយោបាយ ខណៈបច្ចុប្បន្នលោកកំពុងបម្រើ ការឲ្យគណបក្ស Brexit Party នៅចក្រភពអង់គ្លេស៕