ក្រោយរងការរិះគន់រឿងបង្ហោះរូបភាពលើ Facebook ថាចោរប្លន់សម្លាប់ សង្ឃ កក្កដា សុភ័ណ្ឌ ព្រមសឹកនៅយប់នេះ
(ភ្នំពេញ)៖ បន្ទាប់ពីការមានការផ្ញាក់ផ្អើលតាមបណ្តាញសង្គមថា ភិក្ខុ កក្កដា សុភ័ណ្ឌ ត្រូវគេធ្វើឃាតតាមរយៈរួបភាពនៃការថតវីដេអូអប់រំនោះ ព្រះភិក្ខុអង្គនេះ បានសម្រេចលាចាកសិក្ខាបទ (សឹក) ហើយ នៅយប់ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។
យោងតាមទំព័រ Facebook របស់សាលាគណរាជធានីភ្នំពេញ បានបង្ហោះនៅយប់ថ្ងៃទី២១ ខកក្កដា ឆ្នាំ២០១៩នេះថា សាលាគណរាជធានីភ្នំពេញ សូមទូល ប្រគេន និងចម្រើនពរ ជ្រាបថា ភិក្ខុ កក្កដា សុភ័ណ្ឌ មានបញ្ហាកន្លងមកតាមរយៈរូបភាពក្លែងបន្លំ អលជ្ជី) ក្នុងព័ត៌មានសង្គម គឺត្រូវបានមន្ត្រីសង្ឃ សាលាអនុគណខណ្ឌដូនពេញ និមន្តមកដោះស្រាយ តាមធម៌វិន័យរួចរាល់ជាស្ថាពរហេីយ។ ជាលទ្ធផល ភិក្ខុអង្គនេះបាន លាចាកសិក្ខាបទរួចរាល់ហេីយ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន ចំពោះព្រះភក្ត្រ ព្រះមន្ត្រីសង្ឃ នៅវេលាយប់នេះ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម Facebook ថា ព្រះតេជគុណ កក្កដា សុភ័ណ្ឌ ត្រូវបានគេប្លន់សម្លាប់ ជាមួយរូបភាពជាច្រើនសន្លឹក ដែលព័ត៌មានមិនពិតមួយនេះ បានបង្កជាភាពភ្ញាក់ផ្អើលខ្លាំងនៅក្នុងមជ្ឈដ្ឋានអ្នកនិយមប្រើប្រាស់បណ្តាញសង្គម Facebook ភ្លាមៗព្រះសង្ឃអង្គនេះ បានចេញមុខបកស្រាយថា ការដែលព្រះអង្គបង្ហោះរូបភាពលើ Facebook នោះគឺជាការថតវីដេអូអប់រំតែប៉ុណ្ណោះ ៕
អត្ថបទ៖ សុខ លាភ