សម្តេច ស ខេង ព្រមានផ្តន្ទាទោសម្ចាស់ផ្ទះណាមិនប្រាប់អាជ្ញាធរ បើបរទេសចូលស្នាក់នៅហួស២៤ម៉ោង
ដើម្បីគ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជា សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអោយដឹងថា ម្ចាស់ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ មិនថាម្ចាស់នោះជាជនជាតិខ្មែរឬជាជនបរទេស គឺត្រូវរាយការណ៍អំពីវត្តមានជនបរទេស ដែលបានជួលនិងចូលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។នេះបើយោងតាមសេចក្តីណែនាំស្តីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជា ដែលចេញដោយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងសេចក្តីណែនាំ រដ្ឋមន្រ្តីមហាផ្ទៃ សង្កត់ធ្ងន់ថា ការរាយការណ៍នេះ មិនត្រូវឲ្យលើសពី២៤ម៉ោងឡើយ បន្ទាប់ពីមានជនបរទេសចូលទៅស្នាក់នៅ។ «ម្ចាស់ឬអ្នកកាន់កាប់លំនៅឋានណា ដែលមិនរាយការណ៍ នឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗទៀតរបស់កម្ពុជា»។
ការដាក់ចេញវិធានការនេះ គឺដើម្បីបង្កើនការគ្រប់គ្រងវត្តមាននៃការស្នាក់នៅរបស់ជនបរទេសឲ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ក៏ដូចជាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនបរទេសគ្រប់រូប ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ សុខ លាភ