សម្តេចតេជោ៖ ម្រាមដៃខ្ញុំមិនឈឺជាមួយស្មានោះទេ ១០ថ្ងៃខ្ញុំចុះហត្ថលេខាលើឯកសារជាង ៣០០ច្បាប់
(ភ្នំពេញ)៖ «នៅកន្លែងដែលខ្ញុំអង្គុយនេះមានឯកសារពី ៣០ ទៅ៥០ច្បាប់ក្នុងមួយថ្ងៃ ដែលខ្ញុំត្រូវពិនិត្យសម្រេច ឬចុះហត្ថលេខា។ ប្រសិនបើឯកសារទាំងនោះ មិនត្រូវបានអនុម័តពីខ្ញុំទេបណ្តាស្ថាប័ននឹងត្រូវរង់ចាំ»។ នេះជាការលើកឡើងរបស់សម្តេចតេជោតាមរយៈFacebook នៅល្ងាចថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលជាង១០ថ្ងៃនៃការសម្រាកពីការងារផ្សេងៗតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដោយសារតែការឈឺស្មានោះ សម្តេចបានសម្រេច និងចុះហត្ថលេខាលើឯកសារជាង ៣០០ច្បាប់។ សម្តេចថា បើទោះបីស្មារបស់សម្តេចឈឺ តែម្រាមដៃរបស់សម្តេចមិនឈឺនោះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា «ជាង១០ថ្ងៃដែលខ្ញុំឈឺស្មាខ្ញុំបានពិនិត្យរបាយការណ៍ ផ្តល់ការណែនាំ សម្រេច និងចុះហត្ថលេខាលើឯកសារប្រមាណជាង ៣០០ច្បាប់ ព្រោះម្រាមដៃខ្ញុំមិនឈឺជាមួយស្មានោះឡើយ»៕
អត្ថបទ៖ សុខ លាភ