ក្រសួងមហាផ្ទៃស្នើឲ្យអភិបាលរាធានី-ខេត្ត ជួយការពារសន្តិសុខ ក្នុងថ្ងៃប្រឡងបាក់ឌុបខាងមុខ
(ភ្នំពេញ)៖ អភិបាលរាធានី ខេត្ត ទាំងអស់ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងជំនាញពាក់ព័ន្ធ ក្នុងកិច្ចពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមមណ្ឌលប្រឡង ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខាងមុខនេះ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ។
ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដានេះ បានបញ្ជាក់ថា អ្នកពាក់ព័ន្ធទាំងអស់ត្រូវរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមណ្ឌលប្រឡងនីមួយៗ, រក្សាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការរក្សាទុកដាក់ហិបវិញ្ញាសា និងដុំកិច្ចការរបស់បេក្ខជន, រក្សាសន្តិសុខ និងសុវត្ថិភាពដល់គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ នៅគ្រប់ដំណាក់កាលនៃការប្រឡង, រក្សាសន្តិសុខ និងសុវត្ថិភាពដល់បេក្ខជន និងអាណាព្យាបាលរបសបេក្ខជន និងទប់ស្កាត់បាតុភាពមិនប្រក្រតីនានា ក្នុងដំណើរការប្រឡង ដូចជាការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងអាជីវកម្មថតចម្លងសំណៅឯកសារជាដើម។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩នេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ៕
អត្ថបទ៖ សុខ លាភ