មេគយ ថា ក្រុមហ៊ុនខ្មែរ ជាអ្នកដែលនាំចូលកុងតឺន័រ៨៣ ផ្ទុកកាកសំណល់សំរាមប្លាស្ទិក
ភ្នំពេញ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គុណ ញឹម បានថ្លែងថា ក្រុមហ៊ុនដែលលួចនាំចូលកុងតឺន័រ៨៣ទូ ផ្ទុកដោយកាកសំណល់សំរាមប្លាស្ទិក នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនខ្មែរ តែមានបុគ្គលិកជាជនជាតិចិនធ្វើការនៅក្នុងក្រុមហ៊ុននោះ ខណៈការស៊ើបអង្កេតស្រាវជ្រាវបាននឹងកំពុងបន្ត ដោយលទ្ធផលច្បាស់ការនឹងបង្ហាញ នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមអង្ភាពព័ត៌មាន Fresh News ចេញផ្សាយនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោក គុណ ញឹម បានអោយដឹងថា «ខ្ញុំសូមបញ្ជាក់ថា ក្រុមហ៊ុននាំចូលកុងតឺន័រនោះយើងរកឃើញថាជាក្រុមហ៊ុនខ្មែរ តែមានជនជាតិចិនធ្វើការនៅទីនោះ, នៅពាក់កណ្តាលសប្តាហ៍ក្រោយ យើងនឹងហៅខាងក្រុមហ៊ុនសួរនាំអំពីបញ្ហានេះ ទាំងជនជាតិខ្មែរ និងជនជាតិចិន ប្រសិនបើរកឃើញថាជនជាតិចិនមាន ភាគហ៊ុនដែរនោះ យើងនឹងបង្ហាញលទ្ធផលច្បាស់ការ»។ «កុងតឺន័រទាំង៨៣នេះ បាននាំចូលបន្តិចម្តងៗតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដូច្នេះយើងត្រូវការពេលវេលាស្រាវជ្រាវលើរឿងនេះឲ្យបានលម្អិត»។
សូមបញ្ជាក់ថា កុងទឺន័រចំនួន៨៣ទូរ ដែលទម្ងន់ប្រមាណ១,៦០០តោនដែលមានផ្ទុកកាកសំណល់សំរាមដែលគេបោះចោល លួចនាំមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចូលកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបាន នៅខេត្តព្រះសីហនុ៕
អត្ថបទ៖ សុខ លាភ