​រថយន្ត​ដឹកឈើ១​គ្រឿង ត្រូវកម្លាំង​ចម្រុះ​ខេត្តរតនគីរីដុតចោល ក្រោយរកឃើញនៅ​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ​

 

រតនគិរី​ ៖ ​​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​កែច្នៃ​មួយគ្រឿង​អត់​ស្លាក​លេខ កំពុង​ដឹកជញ្ជូនឈើ​ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​បរិស្ថាន​ចាប់​ ហើយ​ប្រគល់​ទៅ​ឲ្យ​កម្លាំង​ចម្រុះ ​ដើម្បី​ចាត់​ការ​បន្ត រីឯ​ម្ចាស់​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់​គេចខ្លួនបាត់​។​ ប្រតិបត្តិការនេះធ្វើឡើងនៅល្ងាចថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ត្រង់​ចំណុច​ពាម​អូរ​លាវ ស្ថិតនៅក្នុង​ភូមិ​សំ ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី។

កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ ​លោក សុខ មីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ សហការ​ជាមួយ​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កងរាជអាវុធហត្ថ​ស្រុក កម្លាំង​សឹក​រង​ស្រុក ដោយមាន​ការ​សម្របសម្រួល​ពី​ លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​។​ រីឯ​វត្ថុតាង​ដែល​រឹបអូស​បាន​រថយន្ត​និង​ឈើ​ផ្ចឹក​ចំនួន​៦​ដុំ ស្មើ​នឹង​១,១២៥​ម៉ែត្រ​គូប។

មន្ត្រី​បរិស្ថាន​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា វត្ថុ​តាង​ខាងលើ ,​ឈើ ​ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ចម្រុះ​ចំណុច​ពាម​អូរ​លាវ ដើម្បី​ឲ្យ​ជំនាញ​បរិស្ថាន​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់។ ចំណែក​ឯ​វត្ថុ​តាង​រថយន្ត​ចំនួន​មួយ​គ្រឿង ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​នៅ​ចំណុច​និយាមកា​ខាងលើ។

គួរ​រំលឹក​ផង​ដែរ​ថា បន្ទាប់ពី​ប្រតិបត្តិការ​ គណៈកម្មការ​ថ្នាក់​ជាតិ​ ដែល​មាន​លោក​ សៅ សុខា បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដោយ​កម្លាំង​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ឲ្យ​បន្ត​រុករក ​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ។ ជា​លទ្ធផល​នៅ​ខេត្ត​រតនគិរី​ ចាប់ពី​ថ្ងៃ​ទី​១២ ​មកដល់​១៨​ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ កម្លាំង​កងរាជអាវុធហត្ថ​របស់​ខេត្ត​រតនគិរី​ ចុះ​បង្ក្រាប​បានជា​បន្តបន្ទាប់ ​និង​ដុត​បំផ្លាញ​ចោល​រថយន្ត​បាន​ចំនួន​៤​គ្រឿង​ហើយ៕

អត្ថបទ៖ សុខ លា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open