អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ​ចុះ​បិទអាជីវកម្ម​ចិនមួយ​កន្លែង ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ

 

ភ្នំពេញ ​៖​ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​ ចុះ​បិទឃ្លាំង​ស្តុក​ទំនិញ​របស់​ជនជាតិ​ចិន​ ដែល​សង្ស័យ​ថា​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ ។

ប្រតិបត្តិការ​ ​ធ្វើ​ឡើង​​​កាលពី​ព្រលប់​ថ្ងៃ​ទី​១៩​ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ ​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​​ខណ្ឌ​ដូនពេញ រួមជាមួយមន្ត្រីជំនាញ​​ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​យីហោ​​(​បណ្ដុំ​រថយន្ត​ទំនើប​អន្តរជាតិ​ពាន់​លាន​)​ ដែល​មាន​ទីតាំង​ផ្ទះ​លេខ ៨៨ ដែល​មាន ទីតាំងនៅ​បណ្ដោយ​មហាវិថី​ព្រះនរោត្ដម ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដោយ​ម្ចាស់​អាជីវកម្ម​ខាងលើ ជា​ជន​ជាតិ​ចិន បាន​នាំ​យក​ទំនិញ​ជា​កញ្ចប់​ធំៗ និង​​ទឹក​ប៊ីដុង​មួយ​ចំនួន យក​មក​ប្រកប​អាជីវកម្ម ដោយ​ពុំ​មាន​ច្បាប់​ត្រឹមត្រូវ។

ជាលទ្ធផល​ក្រុម​ការងារ​ចម្រុះ​ បាន​ពិនិត្យ​ឃើញ​ថា ​ទី​១ ស្លាក​យីហោ​មិន​ត្រឹមត្រូវ​ដោយមាន​ខ្លឹមសារ​ស្ដាប់​មិនបាន “​បណ្ដុំ​រថយន្ត​ទំនើប​អន្តរជាតិ​ពាន់​លាន​” និង​អក្សរ​មិន​ត្រឹមត្រូវ​តាម​សេចក្តី​ណែនាំ របស់​រដ្ឋបាល​រាជធានី​ភ្នំ​ពេញ ទី​២​ទីតាំង​ប្រកប​អាជីវកម្ម​នេះ ​ពុំ​ទាន់​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ​(​ចំនួន​២​ទីតាំង​)​ ទី​៣​ទីតាំង​នេះ ​ពុំ​ទាន់​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម​ឡើយ ​ទី​៤ ក្រុមការងារ​បាន​បើក​កញ្ចប់​ទំនិញ និង​ពិនិត្យ​សារធាតុ​ទឹក​នៅ​ក្នុង​ប៊ីដុង​ រួមមាន​ជញ្ជីង​ថ្លឹង​ទំនិញ​ចំនួន​០១​ គ្រឿង ម្សៅ​ទឹកដោះគោ​ចំនួន​០៥​កេស​ សាច់​បាក់​យ៉ុង​ចំនួន​០៤​កេស ដំណាប់​ស្វាយ​ចំនួន​០៥​កេស​ ដំណាប់​ម្នាស់​ចំនួន​០៥​កេស ដំណាប់​ ប៊ី​រី ចំនួន​០៥​កេស​ ដំណាប់​ប៊ី​រី​មាន​គ្រាប់​ចំនួន​១០​កេស ដំណាប់​ស្វាយ​មាន​គ្រាប់​ចំនួន​១០​កេស ដំណាប់​ផា​សិន​ចំនួន​១០​កេស យ៉ាអួ​ចំនួន​១០​កេស គ្រាប់​ស្ករ​ខ្មៅ​ចំនួន​១០ កេស ម្សៅ​មី​ចំនួន​០២​កេស គ្រឿងផ្សំ​ប៊័រ​ធ្វើ​នំ​ចំនួន​០២កេស ​និង​ស្ករ​ទឹក​ចំនួន​០៥​ប៊ីដុង។

ដោយឡែកនៅថ្ងៃ​ទី​២០ ខែ​កក្កដា ​ឆ្នាំ​២០១៩​ កម្លាំងចំរុះ ​​​បន្ត​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ​ ដែល​ក្រុមការងារ​បាន​ឃាត់ទុក​កាលពី​ម្សិលមិញ​ ដោយ​ម្ចាស់​អាជីវកម្ម​ខាងលើ ជា​ជន​ជាតិ​ចិន បាន​នាំ​យក​ទំនិញ​ជា​កញ្ចប់​ធំៗ និង និង​ទឹក​ប៊ីដុង​មួយ​ចំនួន យក​មក​ប្រកប​អាជីវកម្ម ដោយ​ពុំ​មាន​ច្បាប់​ត្រឹមត្រូវ។

ជា​លទ្ធផល​ក្រុមការងារ​ បាន​ពិនិត្យ​ឃើញ​ថា​ ទី​១- ម្ចាស់​អាជីវកម្ម​ បាន​សហការ​យ៉ាង​ល្អ និង​កំពុង​រុះរើ​ស្លាក​អាជីវកម្ម​របស់​ខ្លួន​ ទី២- បានសម្រេច​បិទ​អាជីវកម្ម ទី​៣-​ ក្រោយ​ពិនិត្យ​លើ​សំណាក​ចំនួន​០៧​មុខ លើ​ទំនិញ​ចំនួន​១៨​មុខ​ឃើញ​ថា ​ពុំ​មាន​សារធាតុ​គីមី ឬ​សារធាតុ​ញៀន នោះ​ទេ ទំនិញ​នៅសល់​ចំនួន​១១ មុខ​ទៀត​ត្រូវ​បញ្ជូន​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍​ធំ ក្នុង​ករណី​ពិនិត្យ​ទៅ​ឃើញ​ថា ​ទំនិញ​ទាំង​១១ មុខ នោះ​មាន​ភាព​មិន​ប្រក្រតី ម្ចាស់​ទំនិញ ​ត្រូវ​ប្រគល់​ទំនិញ​ទាំង​នោះ​មក ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដោយ​ឥត​លក្ខខណ្ឌ និងត្រូវ​ទទួលទោស​ចំពោះ​មុខ​ច្បាប់។ ៤-​ ក្នុង​ករណីទំនិញ​ទាំង​១១​មុខ​បើ​គ្មាន​បញ្ហា​នោះ​ទេ​ អាជ្ញាធរ​នឹង​ប្រគល់​សម្ភារៈ​ទាំងនោះ​ជូន​ម្ចាស់​ទំនិញ​វិញ​ទាំង​អស់៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds