លោក ពេជ្រ ស្រស់ ថា ព្រៃឈើស្រុកខ្មែរ គឺមិនទាន់ហួសពេលនោះទេ បើសិនជាអាជ្ញាធរប្តេជ្ញាការពារនោះ
បន្ទាប់ពីលោក សៅ សុខា ប្រកាសដាក់ជីវិតលើប្រតិបត្តិការ បង្ក្រាបបទល្មើសព្រៃឈើ និងដកមន្រ្តីអាវុធហត្ថគ្រវាត់ចោល ដែលនៅបន្ដឃុបឃិតជាមួយឈ្មួញ លោក ពេជ្រ ស្រស់ បានអោយដឹងថា មិនទាន់ហួសពេលនោះទេ បើសិនជាអាជ្ញាធរគ្រប់ស្ថាប័នប្តេជ្ញាការពារនោះ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអោយដឹងតាមរយៈទំព័រហ្វេសបុករបស់លោកនៅរសៀលថ្ងៃទី១៩ ខែកក្កដានេះថា ព្រៃឈើស្រុកខ្មែរ គឺមិនទាន់ហួសពេលនោះទេ បើសិនជាអាជ្ញាធរ
គ្រប់ស្ថាប័នប្តេជ្ញាការពារនោះ។
គួរបញ្ជាក់ដែរថាលោក សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសដាក់ជីវិតរបស់ខ្លួនជាមួយនឹងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងប្រទេសនាដំណាក់កាលចុងក្រោយនេះ ឲ្យខាងតែបាន ដើម្បីទុកជូនក្មេងជំនាន់ក្រោយ និងបានដាក់បទបញ្ជាដកគ្រវាត់ចោលលើមន្ដ្រីអាវុធហត្ថទាំងឡាយណា ទោះមានបុណ្យស័ក្ដិខ្ពស់ប៉ុណ្ណា បើសិនរកឃើញនៅជាប់ពាក់ព័ន្ធបទល្មើសជាមួយក្រុមឈ្មួញ។
សូមបញ្ជាក់ថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កំពុងធ្វើប្រតិបត្តិការយ៉ាងក្តៅគគុកក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ ប្រតិបត្តិការលើកនេះ ត្រូវបានមន្ត្រីបញ្ជាក់ថា គ្មានការបន្ធូរបន្ថយ ឬយោគយល់ទៀតនោះឡើយ អ្នកប្រព្រឹត្តបទល្មើសទោះអ្នកតូច អ្នកធំ អ្នកមានលុយ មានឥទ្ធិពល គឺត្រូវបង្ក្រាបទាំងអស់៕
អត្ថបទ៖ សុខ លាប