បើករថយន្តលឿនបំពានភ្លើងស្តុប ទៅបុករថយន្ត CAMRY និងបើករថយន្តលឿនដូចហោះ ជ្រុលទៅបុករះផ្ទះប្រជាពលរដ្ឋ
នៅយប់មិញមានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន២ករណី គឺ១៖ បើករថយន្តលឿនបំពានភ្លើងស្តុប ទៅបុកជាមួយរថយន្តCAMRY និង២៖ បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករះផ្ទះប្រជាពលរដ្ឋ។ករណីទី១៖ បុរសម្នាក់បើករថយន្តលឿនបំពានភ្លើងស្តុប ទៅបុករថយន្តCAMRY រួចជ្រុលឡើងឃឿនបុកបង្កាន់ដៃដែក និងស្លាកសញ្ញាលេខផ្លូវ បណ្ដាលឲ្យបាក់រងការខូចខាតយ៉ាងដំណំ តែសំណាងមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង១យប់ រំលងអាធ្រាត្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក PRIUS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2R-8857 បើកបរដោយ បុរសម្នាក់ ក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច ដោយបំពានភ្លើងស្តុបក្រហម ក៏ជ្រុលទៅបុកជាងមួយនឹងរថយន្ត CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2R9345 បើកបរដោយនារីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ចំពីមុខបណ្ដាលឲ្យរថយន្តរបស់ PRIUS ខ្ទាតឡើងឃឿនបុកបង្កាន់ដៃដែក និងស្លាកសញ្ញាលេខផ្លូវ បណ្ដាលឲ្យបាក់រងការខូចខាតយ៉ាងដំណំ។
ភ្លាមៗនោះគេឃើញភាគីខាងរថយន្ត PRIUS បានចុះពីរថយន្តនាំគ្នីគ្នារត់គេចខ្លួន ពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ។
ករណីទី២៖ បុរសម្នាក់បើករថយន្ត PRIUS លឿនដូចហោះ ជ្រុលទៅបុករះផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរថយន្តដាច់កង់ រងការខូចខាតខ្ទេចយ៉ាងដំណំ តែសំណាងល្អហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣៖៣០នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ជិតស្តុបវិទ្យាល័យឥន្ទ្រទេវី សង្កាត់ភ្នំពេញថ្មី ណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BB-4464 បើកបរដោយបុរសម្នាក់ និងមានគ្នីគ្នា២ទៅ៣នាក់ទៀត ដែលរួមដំណើរជាមួយ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ ក៏ជ្រុលចង្កូតទៅបុករះទ្វារផ្ទះប្រជាពលរដ្ឋ ដែលមានស្លាកយីហោ «ហាងលក់វាំងនន និងគ្រឿងសង្ហារឹមបែបអឺរ៉ុបគ្រប់ប្រភេទ» បណ្ដាលឲ្យខ្ទេចទ្វារដែក និងទ្វារកញ្ចក់ខាងក្នុងខ្ទេចយ៉ាងដំណំ។
ចំណែកឯ រថយន្តបង្កវិញខ្ទាតជាង៣០ម៉ែត្រ ដាច់កង់២រងការខូចខាតខ្ទេច មួយកំណាត់មុខយ៉ាងដំណំ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕