បន្ទាប់ពីយកឈ្នះសហរដ្ឋអាមេរិក! អាស៊ាន ក្លាយជាដៃគូពាណិជ្ជកម្មធំទី២របស់ចិន
(ប៉េកាំង)៖ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេទី២ របស់ប្រទេស ចិន នៅឆមាសទី១ ឆ្នាំ ២០១៩ នេះ ដែលវ៉ាដាច់អាមេរិកជាលើកដំបូងចាប់ពីឆ្នាំ ១៩៩៧។
នៅឆមាសទី១ ឆ្នាំនេះ ពាណិជ្ជកម្មរបស់ចិនជាមួយអាស៊ាន បានកើនឡើង ១០ ភាគរយ ដល់ជិត ២ ពាន់ពាន់លានយន់ (២៩០,៧៣ ពាន់លានដុល្លារ) ស្មើ ១៣,៥ ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសនេះ។ នេះបើយោងតាមទិន្នន័យគយរបស់ប្រទេស ចិន។
ក្នុងអំឡុងរយៈពេលដូចគ្នា ពាណិជ្ជកម្មរបស់ចិនជាមួយអាមេរិកបានធ្លាក់ចុះ ៩ ភាគរយ មកនៅត្រឹម ១,៨ ពាន់ពាន់លានយន់ (២៦១,៦៤ ពាន់លានដុល្លារ) ស្មើនឹង ១២ ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់ចិន។
ទិន្នន័យគយបានបង្ហាញថា កាលពីខែមិថុនាការនាំចេញរបស់ប្រទេស ចិន ទៅអាមេរិកបានធ្លាក់ចុះ ៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការនាំចូលពីអាមេរិកបានធ្លាក់ចុះ ៣១ ភាគរយ។
គួររំលឹកថា គំនិតផ្តួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) បានក្លាយជាចំណុចផ្តោតថ្មីមួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងចិននិងអាស៊ាន។
លោក Huang Xilian ឯកអគ្គរាជទូតចិនប្រចាំនៅអាស៊ាន ឲ្យដឹងក្នុងសិក្ខាសាលាស្ដីពីទំនាក់ទំនងរវាងអាស៊ាននៅចុងខែមុនថា តំបន់អាស៊ានបានមើលឃើញលទ្ធផល និងសក្ដានុពល ដែលគួរឲ្យកត់សម្គាល់ខ្លាំងបំផុតទាក់ទងនឹង BRI៕
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ People’s Daily