ក្រុមប្រជាធិបតេយ្យកំពុងតែសុំឱ្យ FBI ធ្វើការស៊ើបអង្កេតទៅលើកម្មវិធី FaceApp ដែលកំពុងតែល្បី
ថ្មីៗនេះកម្មវិធី FaceApp ដែលប្រើដើម្បីបង្កើតការកែរូបថត កំពុងបង្កើនប្រជាប្រិយភាពរបស់ខ្លួនម្ដងទៀត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ភាពល្បីល្បាញលើកនេះក៏ត្រូវអរគុណដល់ filter ធ្វើឱ្យមុខក្មេងប្រែទៅជាមុខចាស់ជរារបស់វាផងដែរ ប៉ុន្តែក្រុមប្រជាធិបតេយ្យនៅអាមេរិក មិនសប្បាយរីករាយចិត្តជាមួយកម្មវិធីនេះទេ។
យោងតាមរបាយការណ៍មួយពី CNN បានឱ្យដឹងថា គណៈកម្មាធិការជាតិប្រជាធិបតេយ្យបានផ្ញើដំណឹងព្រមានជាមុនមួយ ជុំវិញយុទ្ធនាការប្រធានាធិបតីបក្សប្រជាធិបតេយ្យ ឆ្នាំ២០២០ ពីការប្រើប្រាស់កម្មវិធីនេះ ដោយសារតែពួកគេមានការព្រួយបារម្ភអំពីអ្នកបង្កើតកម្មវិធី ព្រោះថាវាមានមូលដ្ឋាននៅប្រទេសរុស្ស៊ី ហើយអ្នកបង្កើតក៏ជាជនជាតិរុស្ស៊ី។ ហើយបើយោងតាម NBC News បានឱ្យដឹងថា សមាជិកព្រឹទ្ធសភារលោក Chuck Schumer ក៏បានស្នើសុំ FBI និង FTC ឱ្យធ្វើការស៊ើបអង្កេតសន្តិសុខជាតិទៅលើកម្មវិធី FaceApp នេះផងដែរ។
វាត្រូវបានគេនិយាយថា រូបថតដែលអ្នកថតនឹងត្រូវ upload ទៅ server របស់វា មុនពេលដែលវាកែរូបរបស់អ្នកប្រើប្រាស់ ប៉ុន្តែនាយកប្រតិបត្តិ FaceApp លោក Yaroslav Goncharov បាននិយាយកាលពីឆ្នាំ ២០១៧ ថា មានតែរូបថតដែលពួកគេចង់កែប៉ុណ្ណោះ ដែលនឹងត្រូវបាន upload ចូល server ប៉ុន្តែមិនមែនចេញពី library រូបថតទាំងស្រុងនោះទេ ហើយរូបថតនឹងត្រូវលុបចេញពី server ក្នុងរយៈពេល ៤៨ម៉ោង ។ យ៉ាងណាក៏ដោយវាហាក់ដូចជាអ្នកប្រជាធិបតេយ្យកំពុងតែមានការប្រុងប្រយ័ត្នហួសហេតុពេក ក្នុងដាក់ឱ្យមានការហាមឃាត់កម្មវិធី FaceApp ទាំងស្រុង ក៏ព្រោះតែអ្នកបង្កើតរបស់វាជាជនជាតិរុស្ស៊ី ប៉ុន្តែក្រុមនេះអាចនឹងមានហេតុផលណាមួយដើម្បីការប្រុងប្រយ័ត្ន៕
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ CNN