កម្លាំងអាវុធហត្ថបន្តចាប់រថយន្តលួចដឹកឈើ ១គ្រឿងទៀតរួចដុតបំផ្លាញចោល នៅខេត្តរតនគិរី, រីឯឈើប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ចែងតាមច្បាប់

(រតនគិរី)៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានស្ទាក់ចាប់រថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខរតនគិរី ២A-០១៤៩ ដឹកឈើពេញ ត្រង់ចំណុចភូមិសាស្ត្រ ភូមិសោមធំ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្នុងពេលប្រតិបត្តិការនោះ អ្នកបើករថយន្តដឹកបទល្មើស រត់គេចខ្លួនបាត់ ហើយកម្លាំងនាំវត្ថុតាងមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ រួចធ្វើការវាស់វែងឃើញឈើធ្នង់ចំនួន៩៩៧គីឡូក្រាម ស្មើនឹង០,៧៣៨ម៉ែត្រគូប។

លោកវរសេនីយ៍ត្រី សុខ មីន បានប្រាប់បន្តថា ឈើធ្នង់ខាងលើ ប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ចែងបន្ត មធ្យោបាយដឹកបទល្មើសក្រោមបទ បញ្ជាលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការបំផ្លាញចោល នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។ សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលកម្លាំងអាវុធហត្ថ ស្រុកអូរយ៉ាដាវ ដុតបំផ្លាញរថយន្តដឹកបទល្មើសឈើ កាលពីព្រលប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានដុតបំផ្លាញរថយន្តឡង់គ្រីស័រច្នៃ២គ្រឿង ដូច្នេះសរុបទាំងអស់ មធ្យោបាយដឹកឈើបាន៣គ្រឿងហើយ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds