លោក អេង ហ៊ី៖ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនឈ្មួញឈើ៩នាក់ទៀត
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី បានថ្លែងថា ពេលនេះសមត្ថកិច្ចកំពុង តាមស្វែងរកជនសង្ស័យពាក់ព័ន្ធចំនួន៩នាក់ទៀត ខណៈដែលឈើខុសច្បាប់ចំនួន១៧០០ម៉ែត្រគូប ត្រូវបង្ក្រាបបាន។
ក្នុងប្រតិបត្តិការកន្លងមកនេះ សមត្ថកិច្ចបានឃាត់រថយន្តល្មើសជាង៤០គ្រឿង ដែលពាក់ព័ន្ធនឹងការដឹកឈើទាំងនោះ ហើយក្នុងនោះមានរថយន្តចំនួន២៩គ្រឿង ត្រូវបានបំផ្លាញផងដែរ។
នៅដើមខែកក្កដា ឆ្នាំ២០១៩នេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំ និងបញ្ជាផ្ទាល់ដោយលោក សៅ សុខា បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តភាគឦសានប្រទេសដោយចាប់ខ្លួនឧកញ៉ា ស៉ឹង សំអុល មេឈ្មួញឈើល្បីឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត។
សូមបញ្ជាក់ថា លោក សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ក្រុមការងារ ឱ្យប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដោយគ្មានការលើកលែង ទោះបីអ្នកប្រព្រឹត្តនោះជាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំក៏ដោយនោះ។ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា កម្ពុជាជាប្រទេសអនុវត្តន៍ច្បាប់ ដូចនេះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ទាំងអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំ៕
អត្ថបទ៖ សុខ លាភ