លោក អ៊ុំ សំអាន ថា រដ្ឋាភិបាលកំពុងភ័យស្លន់ស្លោចំពោះការអនុម័ត របស់សភាតំណាងរាស្ត្រអាមេរិក
ភ្នំពេញ៖ ក្រោយពីសភាតំណាងរាស្ត្រអាមេរិក ឬរដ្ឋសភា ទើបអនុម័តសេចក្ដីស្នើច្បាប់មួយឈ្មោះ «សេចក្ដីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជា» ក្នុងគោលដៅដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបានចំអកទៅរដ្ឋាភិបាលថាកំពុងភ័យស្លន់ស្លោចំពោះការអនុម័តនោះ។
អតីតតំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអាន បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកនៅរសៀលថ្ងៃទី១៧ ខែកក្កដានេះថា លោក ហ៊ុន សែន និងគណបក្សប្រជាជនកំពុងភ័យស្លន់ស្លោ ក្រោយពេលសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលនិងយោធាកម្ពុជា។ ការលើកឡើងបែបនេះ បន្ទាប់ពីរដ្ឋសភាអាមេរិកទើបតែបានអនុម័តច្បាប់ H.R 526 ដើម្បីដាក់ទណ្ឌកម្មលោក ហ៊ុន សែន និងមន្ត្រីរបស់លោក ដែលបានចូលដៃក្នុងការបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
ជាមួយគ្នានេះដែរអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែងនៅក្នុងហ្វេសប៊ុកនៅថ្ងៃទី១៦ កក្កដាថា សេចក្ដីស្នើច្បាប់នេះ ធ្វើឡើងផ្អែកលើការចោទប្រកាន់គ្មានមូលដ្ឋាន និងជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់កម្ពុជា។ លោកអំពាវនាវដល់ព្រឹទ្ធសភា និងរដ្ឋាភិបាលអាមេរិក ឱ្យពិចារណាឡើងវិញ ជុំវិញជំហររបស់ខ្លួនចំពោះកម្ពុជា ដើម្បីថែរក្សាទំនាក់ទំនងល្អ និងផលប្រយោជន៍រវាងប្រទេសទាំងពីរ
អត្ថបទ៖ សុខ លាភ