ក្រុមមេធាវីសម្តេច ស​ ខេង ស្នើឱ្យតុលាការចាត់ការ លោក សម រង្ស៉ី ទៅតាមផ្លូវច្បាប់

 

(ភ្នំពេញ)៖ បន្ទាប់ពីចូលបំភ្លឺនៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមមេធាវីទាំង៣រូប របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឱ្យតុលាការចាត់ការ លោក សម រង្ស៉ី ទៅតាមផ្លូវច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត។

មេធាវីទាំង៣រូប ត្រូវបានកោះអញ្ជើញដោយ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង នៃតំណាងអយ្យ​ការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ មាន មេធាវី ហាក់ សៀកលី, មេធាវី ចៅ ប៊ុនហួន និងមេធាវី ពេជ្រ សូរិយា បានចូលបំភ្លឺជូនតំណាង​អយ្យការអមសាលា​ដំបូងរាជ​ធា​នីភ្នំពេញ ក្នុងនាមដើមបណ្តឹងលើករណីប្តឹងទណ្ឌិត សម រង្ស៉ី ពីបទញុះញង់ ក្រោយពេលដែល​តុលាការ​បានទទួលពាក្យបណ្តឹងរបស់ពួកគាត់។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមមេធាវីសម្តេចក្រឡាហោម ស ខេង បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស អំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ក្នុងពាក្យបណ្តឹងនេះ សម្តេចក្រឡាហោម ស ខេង បានទាមទារឱ្យតុលាការ ចាត់ការលោកសម រង្ស៉ី ទៅតាមផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត និងទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ប្រហាក់ប្រហែលនឹង១លានដុល្លារអាមេរិក ចំពោះការញុះញង់របស់ លោក សម រង្ស៉ី៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds