ចាន់ រតនា សង្ឃឹមថាទៅថ្ងៃមុខនិងមានអ្នកលេងគុនចម្រុះច្រើននៅប្រទេសយើង
ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៩ ម៉ោង ១២ ៖ ១៥ នាទី
អ្នកលេងគុនចម្រុះ ចាន់ រតនា ដាក់ជំនឿចិត្តក្នុងរយៈពេលពី៣ទៅ៥ឆ្នាំទៀត កម្ពុជានឹងមានអ្នកលេងគុនជម្រុះ ឬ អ្នកលេងក្បាច់ MMA កាន់តែល្អប្រសើរច្រើន។ ការដាក់ក្ដីរំពឹងយ៉ាងដូចច្នេះ ព្រោះបច្ចុប្បន្ននេះ មិនសូវមានអ្នកលេងគុនចម្រុះច្រើនប៉ុន្មានទេដោយសារពួកគេទើបចាប់ផ្ដើមហ្វឹកហាត់ក្នុងនាមជាយុវជនថ្នាលនៅក្លឹបមួយចំនួន។
ចាន់ រតនា បង្ហើបថា អ្នកលេងក្បាច់គុន MMA លេចធ្លោនៅកម្ពុជានៅមានចំនួនតិចដូចជា រូបគេផ្ទាល់, សឹម ប៊ុនស្រន់, ថៃ រិទ្ធី , មាស ម៉ើ, ខុន ស៊ីចាន់, រិន សារ័ត្ន និង លាង ស្រីពេជ្រជាដើម។ ចំពោះលទ្ធផលចេញទៅប្រកួតនៅក្រៅប្រទេសកន្លងមកក៏មិនទាន់ទទួលបានលទ្ធផលល្អប្រសើរដែរ ដែលតម្រូវឲ្យមានការបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយបន្ថែមទៀត។ អ្នកលេងយុទ្ធក្រមខម បញ្ចេញទស្សនៈទៀតថា លទ្ធផលទៅប្រកួតនៅក្រៅប្រទេសមិនទាន់មានកំណត់ត្រាល្អប្រសើរនោះទេ ដោយសារគុនចម្រុះនៅកម្ពុជាមិនទាន់មានការប្រកួតញឹកញាប់ដូចគុនខ្មែរ។
ដូច្នេះ គុនចម្រុះនៅកម្ពុជាត្រូវខិតខំបន្តទៀតដើម្បីទទួលលទ្ធផលកាន់តែល្អប្រសើរ ហើយ ផ្ដោតលើការហ្វឹកហាត់ច្បាស់លាស់ និង ត្រូវមានការប្រកួតទៀងទាត់។ អ្នកលេងគុនចម្រុះដដែលរូបនេះប៉ាន់ស្មានថា កីឡាករ MMA នៅស្រុកខ្មែរមិនមានច្រើនឡើយ ហើយ បើសរុបទាំងជើងចាស់ទាំងជើងថ្មី មានប្រហែលត្រឹមពី ៣០ទៅ៤០ នាក់ប៉ុណ្ណោះ។
គ្រូបង្វឹកនៅក្លឹបប្រដាល់សិល្បៈរូបនេះបញ្ជាក់ទៀតថា ៖«ខ្ញុំរំពឹងថា ពី ៣ ទៅ ៥ ឆ្នាំយើងអាចមានកីឡាករល្អៗផ្នែក MMA បន្តវេន ព្រោះឥឡូវមានក្លឹបបង្ហាត់ MMA មួយចំនួនត្រូវបានបង្កើតជាបន្តបន្ទាប់ដូចជា Cambodian Top Team, ក្លិបសិល្បៈរបស់ខ្ញុំ និង ក្លឹប ពីរបីទៀត»។
គ្រូបង្វឹកវ័យក្មេងរូបនេះសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតគុនចម្រុះនឹងកើតឡើងមានវិញ ក្រោយខកខានជាយូរឆ្នាំ ដែលកាលនោះក្រុមហ៊ុន CBS បានរៀបចំកាលឆ្នាំ ២០១៣ ប៉ុន្តែមិនបានយូរប៉ុន្មានក៏ស្ងាត់ទៅវិញរហូតដល់បច្ចុប្បន្ន។ ការរំពឹងនេះកើតឡើង បន្ទាប់ពីសហព័ន្ធកីឡាយុទ្ធគុនចម្រុះ កម្ពុជា (CMMA) ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១៨ ដែលមានឯកឧត្ដម វ៉ាត់ ចំរើន ជាប្រធាន។
នាពេលកន្លងទៅ លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹកក្លឹប Cambodian Top Team ធ្លាប់បញ្ចេញទស្សនៈដែរថា៖ «ចំពោះធនធានកីឡាករ MMA វិញ យើងខ្វះស្ទើរទាំងអស់ ទាំងគ្រូជំនាញ ទាំងកីឡាករ និង ក្មេងៗថ្នាល ព្រោះក្លឹបមានតិច អត់សូវពេញនិយម ហើយ អ្នកហាត់បានត្រឹមឡាំជាមួយមិត្តរួមក្លឹប អត់មានសង្វៀនវ៉ៃក្នុងស្រុក អីចឹងទើបយើងពិបាករកកីឡាករថ្មីៗ មកជំនួស ហើយ កីឡាករបច្ចុប្បន្នមានវ័យកាន់តែជ្រេហើយ។ ហេតុនេះ យើងត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យខ្លាំងថែមទៀត លើបញ្ហាអ្នកបន្តវេននេះ»។
ចាន់ រតនា ឡើងសង្វៀន ប្រកួតគុនចម្រុះ ឬ MMA បានចំនួន ៨ដង ដែលក្នុងនោះឈ្នះចំនួន ៥ ដង និង ចាញ់ចំនួន៣ដង។ ប្រកួតចុងក្រោយនៅសង្វៀន One Championship ចាន់ រតនា បានវ៉ៃ កីឡាករគុនចម្រុះ ABRO Fernandez មកពីឥណ្ឌូណេស៊ី ឲ្យអាជ្ញាកណ្ដាលបញ្ឈប់ត្រឹមទឹកទី២ ដែលរៀបចំនៅសង្វៀន Putra Indoor Stadium នៃប្រទេសម៉ាឡេស៊ី កាល ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅ៕