ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ចុះបើកយុទ្ធនាការផ្សព្វផ្សាយពីជំងឺគ្រុនឈាមស្រុកស្វាយទាប
ស្វាយរៀង៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក កែ រដ្ឋា បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីជម្ងឺរគ្រុនឈាម និងវិធីបង្ការ ដល់សិក្សានុសិស្សនៅក្នុងសាលាបឋមសិស្សាម៉ឹង សំផន ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខខេត្តស្វាយរៀង។
លោក កែ រដ្ឋា បង្ហាញថា អត្រាអ្នកឆ្លងជម្ងឺគ្រុនឈាមបានថយចុះ ខណៈខាងមន្ទីរបានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីជម្ងឺរគ្រុនឈាម និងវិធីបង្ការនៅតែបន្តធ្វើយ៉ាងសកម្មនៅតាមមូលដ្ឋានស្រុក ក្រុងនៃខេត្តស្វាយរៀង ជាពិសេសនៅតំបន់ដែលមានការឆ្លងនូវជម្ងឺរគ្រុនឈាមនេះ។
លោក កែ រដ្ឋា បានបន្តទៀតថា យុទ្ធនាការនេះមន្ទីរសុខាភិបាល អនុវត្តន៍គ្រប់បណ្តាស្រុកក្រុងនៃខេត្តស្វាយរៀងហើយបានផ្តោតលើចំណុចសំខាន់ៗដូចជា៖
១-ការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម វិធីបង្ការ ការពារ បំបាត់ជំរកមូស
២-ករណីសង្ស័យត្រូវបញ្ជូនអ្នកជំងឺទៅកាន់មូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុត
៣-ការដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹកក្នុងពាងទឹក អាងទឹក
៤-ការបាញ់ថ្នាំសម្លាប់មូសខ្លានៅសាលារៀន មណ្ឌលសុខភាព លំនៅដ្ឋានប្រជាជន (គ្មានទឹកដក់ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម គ្រួសារមានសុខភាពល្អ) ។
លោកថា មន្ទីរសុខាភិបាលនឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព និងត្រូវបង្កើនចំពោះបញ្ហាជំងឺ គ្រុនឈាម ដែលកំពុងមានអាត្រាខ្ពស់កើតមកលើមនុស្សគ្រប់វ័យ។
នៅឆ្នាំ២០១៩អត្រា អ្នកឆ្លងជម្ងឺរគ្រុនឈាមមានចំនួន៣៤១នាក់ ដែលបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យហើយ ពុំបណ្តាលឲ្យមានអ្នកស្លាប់ដោយសារជម្ងឺរនេះទេ ហើយយុទ្ធនាការនេះបានធ្វើជាបន្តបន្ទាប់ដោយបានអនុវត្តន៍ខ្លាំងក្លានៅខែកក្កដានេះតែម្តង៕
អត្ថបទ៖ សុខ លាភ