ឥណ្ឌា ខកខានបាញ់បង្ហោះយានអវកាសទៅភពព្រះចន្ទ ដោយសារបញ្ហាបច្ចេកទេស
(ឥណ្ឌា)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឥណ្ឌាបានប្រកាសពន្យារពេលបាញ់បង្ហោះយានអវកាស Chandrayaan-2 ទៅកាន់ភពព្រះចន្ទ ដោយសារតែបញ្ហាបច្ចេកទេសក្នុងប្រព័ន្ធសម្រាប់បាញ់បង្ហោះ (Launch Vehicle System)។
ការប្រកាសពន្យារពេលនេះ ធ្វើឡើងដោយអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO)នៅក្នុងរយៈពេល១ម៉ោង មុនពេលធ្វើការបាញ់បង្ហោះ។ កាលបរិច្ឆេទថ្មីនៃការបាញ់បង្ហោះយានអវកាសនេះ នឹងត្រូវប្រកាសនាពេលក្រោយ ប៉ុន្តែអង្គការអវកាសនេះ មិនអាចបញ្ជាក់ពេលវេលាច្បាស់លាស់ឡើយ។
ឥណ្ឌាមានបំណងចុះចតលើផ្ទៃដីភពព្រះចន្ទនៅតំបន់ប៉ូលខាងត្បូង ដើម្បីដើម្បីបង្កើតនូវយុគសម័យថ្មីនៃការរុករក បង្កើនការយល់ដឹងបន្ថែមរបស់មនុស្សជាតិលើភពព្រះចន្ទ ក៏ដូចជាអវកាស ជំរុញភាពជឿនលឿននៃបច្ចេកវិទ្យា លើកកម្ពស់សម្ព័ន្ធមិត្តសកល និងលើកទឹកចិត្តដល់អ្នករុករក និងអ្នកវិទ្យាសាស្រ្តជំនាន់ក្រោយ។ តំបន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ គឺមានចំណុចគួរឱ្យចាប់អារម្មណ៍ជាងប៉ូលខាងជើង ពោលគឺមានទំហំធំជាង និងអាចមានវត្តមានទឹក និងផ្ទុកកំណត់ត្រាហ្វូស៊ីលដែលបង្ហាញពីការកកើតឡើងនៃប្រព័ន្ធព្រះអាទិត្យផងដែរ។ ប្រសិនបើជោគជ័យ នោះឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលបានប៉ះដីភពនេះ បន្ទាប់ពីអាមេរិក រុស្ស៊ី(អតីតសហភាពសូវៀត) និងចិន៕
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ Indian Express