ក្រុមហ៊ុន ING Holding ត្រូវបានទីស្ដីការ​គណៈរដ្ឋមន្ត្រី មោឃភាព​បណ្ណ​កាន់កាប់​អចលនវត្ថុនៅបឹង​ជើងឯក

(ភ្នំពេញ)៖ ការមោឃភាព​នេះ ដោយសារក្រុមហ៊ុន​មិនអនុវត្ត​ការសម្រេច​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ផ្ទៃបឹង​ជើងឯក ស្ថិតក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ការមោឃភាពបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ក្រុមហ៊ុនអាយអិនជី ហូលឌីង ចំនួន​៥ប័ណ្ណ គឺយោងតាម​លិខិតលេខ ១៤៨៨ ដនស/អសដភ ចុះថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់។ លិខិត​លេខ ៣០៨ ខន/០១៩ សជណ ចុះថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០១៩ របស់​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ចំណារ​របស់​សម្តេច ហ៊ុន សែន ចុះថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០១៩ ។

គួររំលឹក​ថា ក្រុមហ៊ុនអភិវឌ្ឍន៍​បឹងទំពុន ING Holding បានធ្វើកិច្ចសន្យា​មួយ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បីកសាង​ផ្លូវថ្មីឈ្មោះ «មហាវិថី​សម្តេចតេជោ» ដែលមាន​ទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង​ជាង៩ គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវលេខ២៧១ ក្បាលថ្នល់ ឆ្ពោះទៅកាន់ផ្លូវជាតិ​លេខ ២ ក្នុងសង្កាត់​ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ហើយក្រុមហ៊ុន គឺត្រូវ​ដោះស្រាយ រាល់ការ​ប៉ះពាល់​នានាដែលពាក់ព័ន្ធ នឹងដីជា​កម្មសិទ្ធិរស់នៅ​របស់ប្រជាជន ប៉ុន្តែ​ក្រុមហ៊ុន ING Holding មិនបាន​ធ្វើតាម​ដូចបាន​សន្យាជាមួយ​នឹងរាជរដ្ឋាភិបាល​ឡើយ៕

កែសម្រួល៖ ស៊ាងម៉ី

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds