កម្លាំងចំរុះ បង្រ្កាបបទល្មើសព្រៃឈើចម្រុះបានជាង១២៦៥ម៉ែត្រគូប រយៈពេល៥ថ្ងៃ នៅខេត្តព្រះវិហារ

 

ព្រះវិហារ៖ ក្រុមការងារ នៃគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រចាំនៅខេត្តព្រះវិហារ បានធ្វើការដកហូតឈើចម្រុះចំនួន ១២៦៥ម៉ែត្រគូប ព្រមទាំងរឹបអូសសម្ភារ និងមធ្យោបាយបំរើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត គិតចាប់តាំងពីថ្ងៃទី៨ ខែកក្កដា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោក កង សៅគុណ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះថា ដោយអនុវត្តន៍តាមបទបញ្ជាការរបស់ ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និង​បង្រ្កាប​បទល្មើសធនធានធម្មជាតិ លោក សៅ សុខា ក៏ដូចជាបទបញ្ជាររបស់លោក ប្រាក់ សុវណ្ណ អភិ​បាលខេត្តព្រះវិហារ, កម្លាំងចម្រុះរបស់ខេត្ត​បានធ្វើការបង្រ្កាប​បទល្មើសធនធាន​ធម្មជាតិបានជា​ច្រើន​ករណី ដោយបានដកហូតឈើគ្រប់ប្រភេទបានជាច្រើនម៉ែត្រគូប និងដកហូត​សម្ភារល្មើស​ជាច្រើនផង​ដែរ។

លោក កង សៅគុណ បានឲ្យដឹងទៀតថា ក្នុងរយៈពេល៥ថ្ងៃ ចាប់តាំងពីថ្ងៃទី៨ ខែកក្កដា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តព្រះវិហារ បានធ្វើ​ការបង្ក្រាប​ដោយ​ធ្វើការដកហូតឈើគ្រប់ប្រភេទចំនួន ១២៦៥ម៉ែត្រគូប ធ្វើកិច្ចសន្យាអប់រំរថយន្ត​ដឹកគ្រឿង​សង្ហារឹម​ចំនួន១៤គ្រឿង គោយន្តកន្ត្រៃយ៍ដឹកអុស ដឹកឈើគ្រាក់ ២៨គ្រឿង អប់រំធ្វើកិច្ចសន្យា​រោងសិប្បកម្មកែ​ច្នៃ​ឈើ​ដោយធ្វើការរុះរើចំនួន ៨ទីតាំង ចុះស្រាវជ្រាវប្រភពការធ្វើសិប្បកម្មដែលដឹកគ្រឿងសង្ហារឹម ចេញ​ក្រៅ​ខេត្តព្រះវិហារបានចំនួន៥ទីតាំង ដែលឈើទាំងនោះ បានមកពីការទិញពីប្រជាពល​រដ្ឋអារបែប​អា​ណាធិបតេយ្យ ក្នុងដែនជម្រកសត្វព្រៃព្រះរការនៅតំបន់អូរជុញក្នុងស្រុកជាំក្សាន្ត។

កម្លាំងចម្រុះបានបង្រ្កាបបទល្មើបាន១១ករណីដោយដកហូតឈើអារចម្រុះចំនួន៧៩.២៥៣ម៉ែត្រគូប និងឈើប្រណិត២.០៧៤ម៉ែត្រគូប ដកហូតតាមឈូស៧គ្រឿង ម៉ទរ័ខាត់១១គ្រឿង ម៉ាស៊ីន​គោ​យន្ត​៦គ្រឿង អង្គំក្រឡឹង៦គ្រឿង ឌីណាម៉ូ១គ្រឿងនិងរទេះក្របី៤គ្រឿង ដែលវត្ថុតាង​ទាំងនោះគឺ​ត្រូវចាត់​ការ​តាមច្បាប់។លោកថា «ទោះជាលទ្ធផល ដែលយើងបង្ក្រាបបានទទួលជោគជ័យក៏ដោយ យើងមិន​បញ្ឈប់​​ត្រឹមប៉ុណ្ណេះទេ។ យើងបានដាក់កម្លាំងស្រាវជ្រាវព័ត៌មានក្តាប់ទីតាំងប្រព្រឹត្ត បទល្មើសធន​ធាន​ធម្ម​ជាតិ និងបន្តសហការបង្រ្កាបជាមួយស្ថាបន័ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន និងបន្តអនុវត្តបទ​បញ្ជារបស់​រាជរដ្ឋាភិបាលជាប់ជាប្រចាំ»៕

អត្ថបទ៖ សុខ លា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds