ខេម៖ «ខ្ញុំមិនចង់ក្លាយជាតារាចម្រៀងប្រភេទភ្លើងចំបើងទេ ស្តាប់បទចំរៀងពិចារណាអត្ថន័យបទចំរៀងទើបវាអាចរស់នៅក្នុងចិត្តនិងជីវិតបានយូរអង្វែង»
ខេម តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន ដែលមានសមត្ថភាពខ្ពស់អាចច្រៀងបានទាំងបុរាណ សម័យយ៉ាងពីរោះក្រអួនក្រអៅជាមួយសម្លេងស្អករបស់លោក។ ថ្មីៗនេះតារាចម្រៀងប្រុសរូបនេះបានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយបានចាប់ដៃគូជាមួយអ្នកនាង និរត្តន៍ ម្ចាស់បទ “វ៉ល់ៗ” បង្កើតចំរៀងសាច់រឿងស្នេហាឆ្លងជាតិ ឆ្លងប្រទេស ជាច្រើនភាគតគ្នា។
ខណៈពេលដែលចម្រៀងសាច់រឿងរបស់លោកកំពុងតែទទួលបានការគាំទ្រខ្ពស់ពីពុកម៉ែបងប្អូន ខេម បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា «មិនពិបាកទេរកចំរៀងដែលឆាប់ល្បី ប៉ុន្តែពិបាករកចំរៀងដែលពុកម៉ែបងប្អូនស្តាប់បានយូរ។ សម្លរម្ជូរដែលចិញ្ចឹមជីវិតរាល់ថ្ងៃតាំងពីតូចមិនអោយតម្លៃប៉ុន្តែចូលចិត្តអោយតំលៃទៅលើម្ហូបបរទេស Pizza ដែលញាំតែពីរបីដងហើយក៏ធុញ។ មនុស្សនៅរស់មិនអោយតម្លៃ ដល់ពេលស្លាប់ទើបនឹកឃើញពីតម្លៃបុគ្គលរូបនោះ តើមានតម្លៃអ្វីបើគ្រាន់ក្លាយជាអ្នកចេះដឹងតែគ្មានការងារធ្វើ។ ខ្ញុំមិនចង់ក្លាយជាតារាចម្រៀងប្រភេទភ្លើងចំបើងទេ ស្តាប់បទចំរៀងពិចារណាអត្ថន័យបទចំរៀងទើបវាអាចរស់នៅក្នុងចិត្តនិងជីវិតបានយូរអង្វែង។ នេះជាអ្វីដែលខ្ញុំចង់បញ្ចេញជាច្រើនឆ្នាំមកហើយ»៕