ម៉ូណាកូ ក្លាយជាប្រទេសមាន 5G ប្រើដំបូងគេនៅអឺរ៉ុប!
(ប៉ារីស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានសាងសង់បណ្តាញទូរស័ព្ទចល័តបច្ចេកវិទ្យាជំនាន់ទី៥ (5G) ក្នុងប្រទេស ម៉ូណាកូ ដែលធ្វើឲ្យបុរីរដ្ឋឯករាជ្យដែលមានទីតាំងស្ថិតនៅតំបន់ឆ្នេរ French Rivera របស់បារាំងនេះក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលគ្រប់ដណ្តប់ពេញលេញដោយបច្ចេកវិទ្យា 5G។
លោក Xavier Niel ម្ចាស់ក្រុមហ៊ុនប្រតិបត្តិការបណ្តាញបច្ចេកវិទ្យា 5G ក្នុងប្រទេសនេះ បានឲ្យដឹងកាលពីថ្ងៃអង្គារថា៖ «ក្រុមហ៊ុន Monaco Telecom មានបច្ចេកវិទ្យា 5G គ្របដណ្តប់ពេញផ្ទៃប្រទេស! ល្បឿនលឿនខ្លាំង ១,៤ ជីហ្កាបៃ។ 5G រួមបញ្ចូលកញ្ចប់ឧបករណ៍អេឡិចត្រូនិកចល័តទាំងអស់»។
លោក Frederic Genta គណៈប្រតិភូអន្តរនាយកដ្ឋានរបស់ប្រទេស ម៉ូណាកូ ទទួលបន្ទុកអន្តរកាលឌីជីថល បានស្វាគមន៍ «ការផ្លាស់ប្តូរដ៏ប្រសើរ» នេះដោយសារបណ្តាញទូរស័ព្ទចល័ត 5G ដែលមានមូលដ្ឋានលើបច្ចេកវិទ្យាមកពីក្រុមហ៊ុន Huawei របស់ប្រទេស ចិន នេះ។
លោកថ្លែងថា៖ «បច្ចេកវិទ្យា 5G គឺជាការសន្យាផ្តល់គុណភាពជីវិតដ៏ប្រសើរមួយសម្រាប់គ្រប់ឱកាសទាំងអស់ និងឱកាសពិសេសៗ។ វាអាចសម្របសម្រួលជីវិតទៅនឹងតម្រូវការរបស់យើង»។
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ People’s News