ចំនួន​ប្រជាជន​វៀតណាម កើនឡើងជិត​ដល់ ១០០លាន​នាក់​ហើយ

(វៀតណាម)៖ ប្រជាជន​វៀតណាម បាន​កើនឡើង​ដល់ចំនួន ៩៦,២លាន​នាក់ហើយ គិតត្រឹម​ថ្ងៃទី១ ខែ​មេសា ឆ្នាំ​២០១៩ ដោយ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី១៥ ក្នុង​ពិភពលោក និង​លេខ៣ ក្នុង​តំបន់​អាស៊ាន។ ទិន្នន័យ​នេះ​ចេញផ្សាយ​ការិយាល័យ​ស្ថិតិ​វៀតណាម ក្នុងកិច្ចប្រជុំ​នៅក្រុង​ហាណូយ កាលពី​ថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ​២០១៩។

ការ​ចេញផ្សាយ​ទិន្នន័យ​នេះ បន្ទាប់ពី​ការធ្វើ​ជំរឿន​ពីថ្ងៃទី១ ដល់ ២៥ ខែ​មេសា ឆ្នាំ​២០១៩។ ការធ្វើជំរឿន​ប្រជាជន​វៀតណាម តែង​ធ្វើឡើង​ជា​រៀងរាល់ ១០ឆ្នាំ​ម្តង។ លទ្ធផល​នេះ​ក៏បង្ហាញដែរ​ថា ប្រជាជន​ជា​បុរស​មានប្រមាណ ៤៧,៨លាន​នាក់ ប្រហែល ៤៩,៨​ភាគរយ ឯស្រ្តី​មាន​ចំនួន​ជាង ៤៨,៣លាន​នាក់ ឬ ៥០,២​ភាគរយ។

ក្នុង​រយៈពេល ១០ឆ្នាំ​ចុងក្រោយនេះ ចំនួន​ប្រជាជន​វៀតណាម​បាន​កើនឡើង​ប្រមាណ ១០,៤លាន​នាក់ ឬ ១,១៤ភាគរយ ប៉ុន្តែទាបជាង​កំណើន​ពីឆ្នាំ ១៩៩៩-២០១៩ ដែលមាន​ ១,១៨​ភាគរយ។

យោងតាម​ការធ្វើជំរឿន វៀតណាម​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​ដង់ស៊ីតេខ្ពស់​បំផុតក្នុង​តំបន់ និង​ពិភពលោក។ បច្ចុប្បន្ន​ដង់ស៊ីតេ​ប្រជាជន​វៀតណាម មាន​ចំនួន ២៩០នាក់​ក្នុង១គីឡូម៉ែត្រការ៉េ កើនពី ៣១នាក់ កាលពីឆ្នាំ​២០០៩។

ក្រុង​ហាណូយ និង​ហូជីមិញ មាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់ជាងគេ​ក្នុង​ប្រទេស​នេះ ពោលគឺ​នៅហាណូយ មាន​ចំនួន ២៣៩៨​នាក់ ឯ​ហូជីមិញ មាន​ចំនួន ៤៣៦៣នាក់​ក្នុង១គីឡូម៉ែត្រ​ការ៉េ៕

កែសម្រួល៖ ឆ្មាសរ
ប្រភព៖ Vietnam News

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds