រាជរដ្ឋាភិបាលបានអនុម័តគម្រោងសាងសង់ស្ថានីយ​សូឡានៅ​ក្នុងខេត្ត​ចំនួន៤

(ភ្នំពេញ)៖ កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​សម្រេច​អនុម័ត​ទាំងស្រុង​ដោយគ្មាន​ការ​កែប្រែ​លើ «សំណើ​សុំការ​ពិនិត្យ​សម្រេច​ លើ​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរដោយ​ពន្លឺ​ព្រះអាទិត្យ​ចំនួន ៤​គម្រោង សរុប​អានុភាព ១៤០ មេហ្គាវ៉ាត់​ដើម្បី​ផលិត​អគ្គិសនី​លក់ឲ្យ​អគ្គិសនី​កម្ពុជា»។

យោងតាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឱ្យដឹង​ថា ការបន្ថែម​ស្ថានីយ​ផលិតអគ្គិសនីដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ទាំង ០៤ គម្រោង​នេះ រួមមាន​ដូចខាងក្រោម៖

-គម្រោងទី១ នៅខេត្តពោធិ៍សាត់ ៣០ មេហ្កាវ៉ាត់

-គម្រោងទី២ នៅខេត្តបាត់ដំបង ៦០ មេហ្កាវ៉ាត់

-គម្រោងទី៣ នៅខេត្ត​បន្ទាយមានជ័យ ៣០ មេហ្កាវ៉ាត់

-និងគម្រោងទី៤ នៅបាវិត ខេត្តស្វាយរៀង ២០ មេហ្កាវ៉ាត់ ។

ការវិនិយោគ​គម្រោងនេះ​មានផល​ប្រយោជន៍​ចំពោះ​កម្ពុជា ដូចខាងក្រោម ៖

-ទទួលបាន​អគ្គិសនី​ពីប្រភព​ថាមពល​ស្អាត កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈដែលមាន​តម្លៃ​ខ្ពស់។

-ផ្តល់​បន្ថែម​ប្រភព​អគ្គិសនី​ដោះស្រាយ​បង្គ្រប់​កង្វះខាត​ផង និង​ជួយផ្តល់​លទ្ធភាព​ឲ្យវារីអគ្គិសនី​អាចរក្សាទុកទឹក​ក្នុងអាង​បានច្រើន​ជាងមុន សម្រាប់​ដំណើរការ​នៅពេលត្រូវការ​ចាំបាច់​ផង។

-នាំមកនូវ​បច្ចេកវិទ្យា​ថ្មី ផ្តល់​ការងារ​ជូនប្រជាពលរដ្ឋទាំងក្នុង​ពេល​សាងសង់ និង​ដំណើរការ ។

-លើមូលដ្ឋាន​នៃច្បាប់​ស្តីពី​សារពើពន្ធ​ដែលមាន​ជា​ធរមាន

-រាជរដ្ឋាភិបាល​នឹងទទួល​បាន​ចំណូល​ពន្ធប្រមាណ​ជាង ១,៨លានដុល្លារអាមេរិក​ក្នុង ១ឆ្នាំ​ជាមធ្យម​ក្នុងរយៈពេល ២១​ឆ្នាំ ដោយមិនទាន់​គិតដល់​ពន្ធដ៏ទៃទៀត​ដែល​អគ្គិសនី​កម្ពុជា និងអ្នក​ចែកចាយ​អគ្គិសនី​ដ៏ទៃទៀត​ត្រូវបង់​នៅឡើយ៕

កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds