រថយន្តបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស១១នាក់ និង របួស៣០នាក់ នៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាមនាប្រទេសស៊ីរី
(ស៊ីរី)៖ រថយន្តបំផ្ទុះគ្រាប់បែក បានសម្លាប់មនុស្ស១១នាក់ និងធ្វើឱ្យមានអ្នករបួសយ៉ាងតិចណាស់៣០នាក់ផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុង ទីក្រុង Afrinភាគខាងជើងប្រទេសស៊ីរី។ ទីក្រុងមួយនេះឋិតក្រោមការកាន់កាប់ដោយក្រុមឧទ្ទាមគាំទ្រពីប្រទេសតួកគី ហើយពួកគេបានដណ្តើមដែនដីនេះពីក្រុមប្រយុទ្ធជនជាតិKurd កាលពីឆ្នាំមុន។
បើតាម អ្នកសង្កេតការណ៍សិទ្ធិមនុស្សនៅស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឱ្យដឹងថា ស្ត្រីនិងកុមារបានឋិតនៅក្នុងចំណោមអ្នកស្លាប់ដោយសារតែគ្រាប់បែកដែលបានផ្ទុះនៅឯច្រកទ្វារចូលក្រុង។ ហេតុការនេះក៏បង្កឱ្យមានអ្នករបួសជាច្រើនដែរ ហើយខ្លះរងរបួសធ្ងន់ធ្ងរណាស់។
ក្រោយមកទៀតនៅពេលរសៀល មានរថយន្តបំផ្ទុះគ្រាប់បែកមួយទៀតបានផ្ទុះឡើងនៅខាងមុខព្រះវិហារគ្រិស្តសាសនាមួយដែលឋិតនៅភាគឦសានទីក្រុង Qamishli ហើយបណ្តាលឱ្យមនុស្ស៨នាក់រងរបួស ។
នេះបើតាមការឱ្យដឹងពីកងកម្លាំងរក្សាសន្តិសុខ ដែលនិយាយប្រាប់ថា គ្រាប់បែកមួយនេះបានផ្ទុះឡើងចំពេលដែលមនុស្សម្នាកំពុងតែ ចេញពីព្រះវិហារនាម៉ោងប្រមាណ ៥និង៤៥នាទីល្ងាច។ ចំពោះករណីមួយនេះ ក្រុមអ៊ីស្លាមជ្រុលនិយមIS បានអះអាងថាជាស្នាដៃរបស់ពួកគេ។
សូមបញ្ជាក់ថា បើទោះការប្រយុទ្ធទ្រង់ទ្រាយធំបានបញ្ចប់ក៏ដោយ នៅតំបន់ជាច្រើនក្នុងប្រទេសស៊ីរី នៅតែអសន្តិសុខ ដោយសារតែការវាយប្រហារដោយគ្រាប់បែក និង ការវាយប្រហារផ្សេងៗទៀតទៅលើជនស៊ីវិលដែលរស់នៅក្នុងតំបន់កាន់កាប់ដោយភាគីជម្លោះនានា៕
កែសម្រួល៖ ស៊ាងម៉ី