លី ភា បាន​ឡើង​ប្រកួត​វគ្គ​បន្ត​ក្រោយ​ផ្ដួល​ថៃ​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​2

ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៩ ម៉ោង ០៤ ៖ ១៧ នាទី

រាជធានី​ភ្នំពេញ ៖ កីឡាករ លី ភា មក​ពី​ក្លិបសំរោង​កោង​កីឡា​ខេត្តបាត់ដំបង បាន​កក់ កៅអី​ឡើង​ប្រកួត​នៅ​វគ្គ​បន្ត បន្ទាប់​ពី​ផ្ដួល កីឡាករ​ថៃ​Prab Sor.Thephithak​ឱ្យ​សន្លប់​នៅ ក្នុង​ទឹក​ទី​២ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់​ដែក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម កាលពី​ថ្ងៃអាទិត្យ ទី​២៤ មីនា នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ។

កីឡាករ លី ភា បាន​បញ្ចប់​ការ​ប្រកួតវគ្គ​សន្សំ​ពិន្ទុ​ហើយ ។ កីឡាករ​រូប​នេះ​ប្រកួត​៤​លើក​ចាញ់​២​លើក​និង​ឈ្នះ​២​លើក​ដោយ​វាយ​គូប្រកួត​ឱ្យ​សន្លប់​ទាំង​២​លើក​មាន​៨​ពិ​ន្ទ​ គឺ​គ្រប់គ្រាន់​សម្រាប់​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​បាន​ហើយ ។ ចំណែក សុខ សា​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​បាន​ផ្ដួល​កីឡាករ​ថៃ Phit Nginthorng​ឱ្យ​សន្លប់​ទឹក​ទី​១ ។

កីឡាករ​រូប​នេះ​ប្រកួត​៤​លើក ចាញ់​៣ ឈ្នះ​១ មិន​ទាន់​​ដឹង​ថា​យ៉ាងណា​នោះ​ទេ ត្រូវ​រង់ចាំ​បូក​សរុប​ពិន្ទុ ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​កីឡាករ ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ ជា​បន្ត​ទៀត​សិន ។ ចំណែក​សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ក៏​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​បាន​ដែរ ព្រោះ​គេ​ឈ្នះ​២​ប្រកួត​រួច​មក​ហើយ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៣​លើក​ មកនេះ​។

ដោយឡែក​គូប្រកួត​មិត្តភាព​វិញ កីឡាករ ឡៅ ចិ​ត្រា មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ យកឈ្នះ​កីឡាករ​ថៃ Khun Chhang​ នៅ​ត្រឹម​ទឹក​ទី​២ និង​កីឡាករ សូត្រ វាសនា ចាញ់​ពិន្ទុ​កីឡាករ យ៉​ន ពិសី បន្ទាប់​ពី​ចំណាយពេល​ប្រកួត​៥​ទឹក​ពេញ​៕

ប្រភព ៖ KOH SANTEPHEAB

កែសម្រួលដោយ ៖ ពេជ្រ គឺមស្រ៊ិន

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds