អាមេរិក ​និង​ចិន ​ចាប់​ផ្តើម​ចរចា​​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ

(វ៉ាស៊ីនតោន)៖ ក្រុម​អ្នក​ចរចា​ជាន់​ខ្ពស់​របស់​អាមេរិក និង​ប្រទេស ​ចិន កាល​ពី​ថ្ងៃ​អង្គារ​​បាន​​​ពិភាក្សា​គ្នា​តាម​​ទូរស័ព្ទ​​ ខណៈ​ដែល​​ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ ​២ ​របស់​ពិភព​លោក​ ស្វែងរក​ការ​ដោះស្រាយ​សង្គ្រាម​​ពាណិជ្ជកម្ម​របស់​ពួក​​គេ​ ដែល​ការ​​ចរចា​នេះ​កើត​មាន​ឡើង ​១ ​សប្តាហ៍ ​​​​បន្ទាប់​ពី​​ប្រទេស​​ទាំង​ ២​ ​​បាន​ប្រកាស​ការ​បញ្ឈប់​សង្គ្រាម​នេះ​។​

ការ​ពិភាក្សា​តាម​ទូរស័ព្ទ​​នៅ​ថ្ងៃ​អង្គារ​នោះ​​មាន​ការ​ចូលរួម​ដោយ​​លោក​ Steven Mnuchin រដ្ឋមន្ដ្រី​ក្រសួង​ហិរញ្ញវត្ថុ​ និង​លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​របស់​អាមេរិក បាន​និយាយ​ទៅ​​កាន់​​លោក Liu He ​ឧបនាយក​រដ្ឋមន្ដ្រី​ចិន និង​លោក Zhong Shan ​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​​ចិន។

លោក​ Larry Kudlow ទីប្រឹក្សា​សេតវិមាន​បាន​ប្រាប់​ក្រុម​​អ្នក​យក​ព័ត៌មាន​ថា ការ​ចរចា​ «​បាន​ដំណើរការ​ប្រកប​ដោយ​ផ្លែផ្កា» ប៉ុន្តែ​វា​ «ឆាប់​ពេក​ក្នុង​ការ​​​ផ្ដល់​ព័ត៌មាន​លម្អិត​​»។​​

ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​​​ទូរទស្សន៍​ Fox Business Network លោក​ Kudlow បាន​ហៅ​​ការ​ពិភាក្សា​​នេះ​​ថា ជា​​​ «ការ​ពិភាក្សា​បឋម» និង​​​បាន​​ឲ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​នានា​​នឹង «​ប្រហែល​ជា​» ត្រូវ​រៀបចំ​ឡើង​ តែ​មិន​​​ផ្ដល់​ព័ត៌មាន​លម្អិត​​។​

លោក​ Larry Kudlow​ បាន​កត់​សម្គាល់​ថា លោក ត្រាំ បាន​​យល់ព្រម​​​​ផ្អាក​​ដក​​ហូត​ពន្ធ​នាំចូល​ថ្មី ​ហើយ​នឹង​អនុញ្ញាត​​ឲ្យ​​ផលិតផល​របស់​អាមេរិក​មួយ​ចំនួន​​ត្រូវ​បាន​លក់​ទៅ​​ឲ្យ​ក្រុមហ៊ុន Huawei​។
លោក​បាន​ប្រាប់​ទូរទស្សន៍​អាមេរិក​មួយ​នេះ​ថា៖ «ដោយ​និយាយ​ដូច​នោះ​ យើង​មាន​ភាព​រឹងមាំ​​យ៉ាង​ខ្លាំង ខ្ញុំ​ចង់​គូស​បញ្ជាក់​បញ្ហា​នេះ​ ជា​ការ​រំពឹង​ទុក​យ៉ាង​រឹងមាំ​ថា ប្រទេស ​ចិន ​​ក្នុង​រយៈពេល​ដ៏​ខ្លី អាច​​ចាប់​ផ្ដើម​​ការ​ទិញ​ផលិតផល​កសិកម្ម​អាមេរិក​»។​​

ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស ​ចិន ​​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ខ្លី​មួយ​ថា ភាគី​ទាំង ២ ​​ផ្លាស់ប្តូរ​ «​គំនិត​លើ​ការ​អនុវត្ត​ការ​ព្រមព្រៀង​ដែល​សម្រេច​បាន​រវាង​​ប្រមុខ​រដ្ឋ​របស់​ប្រទេស​ទាំង ​២ នៅ​ទីក្រុង​អូសាកា​​»​។​

ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​ បាន​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​ជាមួយ​នឹង​ពន្ធ​នាំចូល​ពិន័យ​ ដែល​គ្រប​ដណ្ដប់​លើ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ជាង​ ៣៦០ ​ពាន់​លាន​ដុល្លារ​ ហើយ​ពន្ធ​ទាំង​នោះ​នៅ​តែ​កំពុង​ដំណើរការ​ ៕

កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ AFP

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds