ឥណ្ឌា មានមហិច្ឆតាចង់ក្លាយជាប្រទេសទី៤ ដែលឡើងដល់ឋានព្រះចន្ទ
(ឥណ្ឌា)៖ អង្គការស្រាវជ្រាវអវកាសឥណ្ឌា បានប្រកាសថា ឥណ្ឌានឹងបាញ់បង្ហោះយានអវកាស Chandrayaan-2 ទៅកាន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ។
គោលបំណងនៃបេសកកម្មនេះ គឺដើម្បីបង្កើតនូវយុគសម័យថ្មីនៃការរុករក បង្កើនការយល់ដឹងបន្ថែមរបស់មនុស្សជាតិលើភពព្រះចន្ទ ក៏ដូចជាអវកាស ជំរុញភាពជឿនលឿននៃបច្ចេកវិទ្យា លើកកម្ពស់សម្ព័ន្ធមិត្តសកល និងលើកទឹកចិត្តដល់អ្នករុករក និងអ្នកវិទ្យាសាស្រ្តជំនាន់ក្រោយ។
លើសពីនេះ តំបន់ប៉ូលខាងត្បូងនៃភពព្រះចន្ទ គឺមានចំណុចគួរឱ្យចាប់អារម្មណ៍ជាងប៉ូលខាងជើង ពោលគឺមានទំហំធំជាង និងអាចមានវត្តមានទឹក និងផ្ទុកកំណត់ត្រាហ្វូស៊ីលដែលបង្ហាញពីការកកើតឡើងនៃប្រព័ន្ធព្រះអាទិត្យផងដែរ។
Chandrayaan-2 នឹងចុះចតលើផ្ទៃដីភពព្រះចន្ទនៅតំបន់ប៉ូលខាងត្បូង ហើយប្រសិនបើចុះចតជោគជ័យ នោះឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលបានប៉ះដីភពនេះ បន្ទាប់ពីអាមេរិក រុស្ស៊ី (អតីតសហភាពសូវៀត) និងចិន ៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ indiatoday