ចិនព្រមានឱ្យអាមេរិកលុបចោលនូវការលក់អាវុធតម្លៃ ២.២ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់

(ចិន)៖ ប្រទេសចិនកាលពីថ្ងៃអង្គារនេះ បានជំរុញឱ្យអាមេរិកលុបចោលនូវការលក់អាវុធដែលមានតម្លៃ ២.២ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ដោយវាជាការបន្ថែមសម្ពាធថ្មីបន្ថែមទៅនឹងភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីពួកគេបានឈានដល់បទឈប់បាញ់កាលពីចុងខែកន្លងទៅ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយថា សហរដ្ឋអាមេរិកគួរ «ដកចេញភ្លាម … ការលក់អាវុធ និងការកាត់ផ្តាច់ចំណងយោធាជាមួយតៃវ៉ាន់ ដើម្បីចៀសវាងការបំផ្លិចបំផ្លាញបន្ថែមទៀតដល់ទំនាក់ទំនងទ្វេភាគី និងសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។

អាវុធដែលអាមេរិកនឹងយល់ព្រមលក់ទៅឱ្យកោះតៃវ៉ាន់មានដូចជា៖ រថក្រោះ M1A2T Abrams ចំនួន ១០៨គ្រឿង, កាំជ្រួចមីស៊ីលបាញ់ពីលើដីចំនួន ២៥០គ្រាប់ និងគ្រាប់រំសេវ។ ចំណែកការយល់ព្រមពីក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់ការយល់ព្រមលក់ត្រូវបានប្រកាសឡើងកាលពីថ្ងៃចន្ទថ្មីៗនេះ។ បើមិនច្រឡំនោះទេ វាគឺជាការលក់អាវុធចេញដំបូងបំផុតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ​បាលលោក ដូណាល់ ត្រាំ ហើយវាក៏ជាការលក់ធំបំផុត ទី២ របស់អាមេរិកមកតៃវ៉ាន់ បន្ទាប់ពីការលក់ដែលមានតម្លៃ ៥.៨ពាន់លានដុល្លារ ដោយរដ្ឋបាលប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា កាលពី ឆ្នាំ២០១១ ។

ការិយាល័យប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen កាលពីថ្ងៃអង្គារ ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបន្តគោរពតាមការសន្យារបស់ខ្លួនក្រោមច្បាប់ស្តីពី «ទំនាក់ទំនងតៃវ៉ាន់» និងការធានារ៉ាប់រងចំនួន ៦ តាមរយៈសកម្មភាពជាក់ស្តែង។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយថា ការលូកដៃរបស់ក្រុងវ៉ាស៊ីនតោន បានជ្រៀតជ្រែកយ៉ាងជ្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន។

ក្រុងប៉េកាំងនៅតែចាត់ទុកកោះតៃវ៉ាន់ថា ជាខេត្តមួយរបស់ចិនដែលមិនគោរពច្បាប់ ហើយបដិសេធមិនព្រមដកកងកម្លាំងយោធា ដើម្បីនាំយកកោះនេះទៅឱ្យអាជ្ញាធរចិនដីគោកវិញ។ ចំណែកអ្នកស្រី Tsai Ing-wen មើលទៅកាន់តែពិបាកទប់ទល់នឹងសម្ពាធកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង ដោយខ្លួនបានព្យាយាមនៅជិតអាមេរិកវិញ។ ប្រធានាធិបតីតៃវ៉ាន់រូបនេះក៏គ្រោងនឹងឈានចូលទឹកដីអាមេរិក អំឡុងដំណើរ ១២ថ្ងៃ នៃប្រជាជាតិការាបៀនចាប់ផ្ដើមពីថ្ងៃព្រហស្បតិ៍តទៅ៕

កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds