បារាំងចង់វិនិយោគបង្កើតក្រុមហ៊ុនជួសជុលយន្តហោះនៅកម្ពុជា
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្តីពីជំនួបរវាងលោកនាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Nguyen Binh Eva ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងជំនួបនេះ ភាគីបារាំងក៏បានបង្ហាញផងដែរពីបំណងពង្រឹងលើការងារសុវត្ថិភាព និងសន្តិសុខអាកាសចរ ផ្តល់ការសិក្សាអាកាសចរស៊ីវិលនៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
លោកស្រី Nguyen Binh Eva ក៏បានអបអរសាទរ ចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយមានការផ្តល់អាហារូបករណ៍ពីប្រទេសបារាំង បានបញ្ជូន មន្ត្រី និងបានបញ្ចប់ការសិក្សា លើជំនាញឯកទេសគ្រប់គ្រងដឹកជញ្ជួនផ្លូវអាកាស កម្រិតក្រោយបរិញ្ញាបត្រជាន់ខ្ពស់ ០១រូប នៅសាលាអាកាសចរជាតិ ENAC ប្រទេសបារាំង ក្នុងឆ្នាំ២០១២-២០១៣ និង០២ រូប ទើបបញ្ចប់ការសិក្សាក្នុងខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលាអាកាសចរក្រុងហុងកុង ដែលមានកិច្ចសហប្រតិបត្តិការជាមួយ ENAC។
លោក ម៉ៅ ហាវណ្ណាល់ បានគួសបញ្ជាក់ពីកិច្ចសហប្រតិបត្តិល្អ រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអាជ្ញាធរអាកាសចរស៊ីវិលបារាំង និងបានថ្លែងអំណរគុណដល់ប្រទេសបារាំងដែលបានជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអាកាសចរស៊ីវិលនៅកម្ពុជា និងសម្តែងនូវការគាំទ្រទាំងអស់ លើកិច្ចសហប្រតិបត្តិការដែលបានពិភាក្សាខាងលើ សំដៅអភិវឌ្ឍវិស័យអាកាសចរ ឱ្យកាន់តែរីកចម្រើនថែមទៀត៕
កែសម្រួល៖ស៊ាងម៉ី
អត្ថបទ និងរូបថត៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល