ក្រុមហ៊ុន​អាកាសចរណ៍​អារ៉ាប៊ីសាអ៊ូឌីត ​ដក​ការ​បញ្ជា​ទិញ​យន្តហោះ 737 Max

(ក្រុងរីយ៉ាដ)៖ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ក្រុមហ៊ុន​អាកាសចរណ៍​ Flyadeal ដែល​​​ផ្តល់​សេវា​ហោះហើរ​តម្លៃ​ទាប​របស់​ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត បាន​ដក​ការ​បញ្ជា​ទិញ​​​បណ្តោះ​អាសន្ន​នូវ​យន្តហោះ ​737 MAX ដែល​​ហាម​ហោះហើរ​​របស់​​ក្រុមហ៊ុន Boeing ខណៈ​ដែល​​​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​​នេះ​បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​ប្រតិបត្តិការ​​ដោយ​ប្រើប្រាស់​យន្តហោះ​​​​របស់​ក្រុមហ៊ុន Airbus ​ទាំង​ស្រុង​។​

អ្នក​នាំពាក្យ​មួយ​រូប​របស់​ក្រុមហ៊ុន​ Boeing បាន​ថ្លែង​ថា៖ «​​យើង​យល់​ថា ​ក្រុមហ៊ុន​អាកាសចរណ៍ Flyadeal នឹង​មិន​ទាន់​​បញ្ចប់​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​​យន្តហោះ​ 737 MAX ​​នៅ​ឡើយ​​​ទេ​នៅ​ពេល​នេះ ដោយសារ​​​លក្ខខណ្ឌ​​តម្រូវ​ដែល​គ្រោង​ទុក​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​មួយ​នេះ»។

សេចក្ដី​ប្រកាស​នេះ​បង្ហាញ​ពី​ការ​បរាជ័យ​​​មួយ​ផ្សេង​ទៀត​សម្រាប់​ក្រុមហ៊ុន Boeing ដែល​​​​យន្តហោះ​ ​737 MAX របស់​​ខ្លួន​ ត្រូវ​បាន​ហាម​ឃាត់​ការ​ហោះហើរ​ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​​មីនា បន្ទាប់​ពី​​ការ​ធ្លាក់​យន្តហោះ ២ គ្រឿង​ ដែល​បាន​សម្លាប់​មនុស្ស​ ៣៤៦​ នាក់។​

ក្នុង​សេចក្ដី​ប្រកាស​ដាច់​ដោយ​​ឡែក​មួយ ​ក្រុមហ៊ុន Flyadeal ​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ប្រតិបត្តិការ​​យន្តហោះ​ A320 ទាំង​អស់​ ដោយ​បាន​​ទិញ​ក្នុង​ចំនួន​​រហូត​ដល់​ ៥០ គ្រឿង ​​ពី​ក្រុមហ៊ុន​ Airbus ដែល​ជា​​គូ​ប្រកួត​ប្រជែង​នៅ​អឺរ៉ុប​​របស់​​ក្រុមហ៊ុន Boeing។​
ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា៖ «​​ក្រុមហ៊ុន Flyadeal ប្រកាស​កំណើន​ដ៏​សំខាន់​មួយ​ចំពោះ​ក្រុម​យន្តហោះ​របស់​ខ្លួន​ ជា​មួយ​នឹង​ការ​បញ្ជា​ទិញ​​​យន្តហោះ​ A320 NEO ចំនួន​ ៣០ គ្រឿង និង​ជម្រើស​​ទិញ​បន្ថែម​យន្តហោះ​ត្រកូល​ A320 NEO​ ចំនួន ២០ គ្រឿង​ផ្សេង​ទៀត​»។ ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​បាន​​បន្ថែម​ថា ​ការ​ចែកចាយ​នឹង​ចាប់​ផ្ដើម​​នៅ​ឆ្នាំ ​២០២១ ៕

កែសម្រួល៖ ស៊ាងម៉ី

ប្រភព៖ AFP

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds