ចិនវិនិយោគជាង ២២លានដុល្លារលើរោងចក្រច្នៃទុរេនក្រៀមនៅថៃ
(ថៃ)៖ ក្រុមអ្នកវិនិយោគចិន បានចាប់ដៃជាមួយភាគីថៃដើម្បីសាងសង់រោងចក្រតម្លៃ ៧០០លានបាត ឬស្មើនឹង ២២,៧លានដុល្លារ ក្នុងខេត្តសុងក្លាភាគខាងត្បូងនៃប្រទេសថៃ ដើម្បីកែច្នៃទុរេនក្រៀមសម្រាប់នាំចេញទៅកាន់ប្រទេសចិនវិញ។
កាលពីថ្ងៃអាទិត្យទី ៧ ខែកក្កដា ក្រុមហ៊ុន Manguwang Food Co បានបើកបង្ហាញរោងចក្រផលិតទុរេនដ៏ធំនេះទៅកាន់អ្នកចូលរួម ដែលមានមនុស្សសរុបប្រមាណ ៥០០នាក់ ។ គ្រឿងម៉ាស៊ីនទាំងអស់ដែលនៅដាក់ដំណើរការនៅក្នុងរោងចក្រនេះ សុទ្ធសឹងតែនាំចូលពីប្រទេសចិន។
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ប្រធានគ្រប់គ្រងនៃក្រុមហ៊ុនផលិតចំណីអាហារនេះ លោក Yao Huang Xiao លើកឡើងថា ក្រុមហ៊ុននេះ គឺជាកិច្ចសហការរួមគ្នារវាងអ្នកវិនិយោគចិន និងថៃ មាណ ៧០០លានបាតទៅក្នុងរោងចក្រនេះ ដើម្បីដំណើរការទុរេនដែលមានប្រភពពីចម្ការផ្លែឈើក្នុងស្រុកសម្រាប់ផលិតឲ្យទៅជាទំនិញក្រៀមក្នុងគោលដៅនាំចេញទៅកាន់ប្រទេសចិន។
ប្រជាជនក្នុងស្រុកប្រមាណ ១២០០នាក់ ត្រូវបានជ្រើសរើសឲ្យធ្វើការក្នុងរោងចក្រនេះ។ នេះបើតាមការបញ្ជាក់របស់លោក Yao ដោយបន្ថែមថា ក្រុមហ៊ុនក៏កំពុងត្រៀមបង្វិលលុយចំនួន ២លានបាត (៦,៥ម៉ឺនដុល្លារ) ហើយអាចទិញទុរេន ១២០០០តោនក្នុងមួយឆ្នាំៗទៀតផង។ សម្រាប់ឆ្នាំក្រោយ លោក Yao អះអាងថា ក្រុមហ៊ុនលោក មានផែនការទិញទុរេន៨ពាន់តោនបន្ថែមទៀត៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ Bangkok Post