អាមេរិកគ្រោងលក់អាវុធតម្លៃ ២.២ ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ទោះបីជាប្រទេសចិនជំទាស់ក៏ដោយ

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមលើផែនការលក់អាវុធតម្លៃ ២.២ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់។ ទីភ្នាក់ងារសហព័ន្ធការពារជាតិរបស់ក្រសួងការពារជាតិអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួនបានជូនដំណឹងដល់សភាអំពីកិច្ចព្រមព្រៀងនេះ បន្ទាប់ពីទទួលបានការអនុម័តពីក្រសួងការបរទេស។ កញ្ចប់នេះមានដូចជា៖ រថក្រោះ M1A2T Abrams ចំនួន ១០៨គ្រឿង, កាំជ្រួចមីស៊ីលបាញ់ពីលើដីចំនួន ២៥០គ្រាប់ និងគ្រាប់រំសេវ។ ហើយការលក់នេះផងដែរ គឺជាការលក់អាវុធចេញដំបូងបំផុត នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។

កញ្ចប់នេះនឹងបម្រើផលប្រយោជន៍ឱ្យសហរដ្ឋអាមេរិក ដោយការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងតៃវ៉ាន់ ក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការគំរាមកំហែងក្នុងតំបន់។ ប៉ុន្តែសេចក្តីថ្លែងការណ៍បាននិយាយថា កិច្ចព្រមព្រៀងនេះនឹង «មិនផ្លាស់ប្តូរតុល្យភាពយោធាមូលដ្ឋាននៅក្នុងតំបន់ទេ» ។ ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen កំពុងស្វែងរកការធ្វើទំនើបកម្មឧបករណ៍យោធារបស់កោះនេះ ដើម្បីប្រឆាំងនឹងប្រទេសចិន ដែលបានបង្កើនសម្ពាធមកលើកោះតៃវ៉ាន់។

អ្នកអង្កេតការណ៍និយាយថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ការលក់អាវុធ ដើម្បីដាក់សម្ពាធលើប្រទេសចិន នៅពេលដែលប្រទេសទាំងពីរត្រូវបានជាប់គាំងក្នុងជម្លោះពាណិជ្ជកម្ម។ ប្រទេសចិនបានជំទាស់យ៉ាងខ្លាំងចំពោះការលក់អាវុធយោធារបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ ខណៈទីក្រុងវ៉ាស៊ីនតោនក៏កំពុងបានពង្រឹងទំនាក់ទំនងយ៉ាងរឹងមាំជាមួយកោះតៃវ៉ាន ដែលតៃវ៉ាន់នៅតែប្រកាន់ជំហរថា កោះនេះជាទឹកដីរបស់ខ្លួន៕

កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds