ក្រុមហ៊ុន ហុងដា ជួបកៅ នៅខេត្តកំពង់ធំ រៀបចំក្បួនដង្ហែឈុតបុរាណ ដើម្បីសាទរខួប២ឆ្នាំប្រាសាទសំបូរព្រៃគុកចូលជាបេតិកភណ្ឌពិភពលោក

ខេត្តកំពង់ធំ៖ ពិតជាកម្របានឃើញ នៅពេលក្បួនដង្ហែរឈុតបុរាណត្រូវបានលេចឡើង កាលពីព្រឹកថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩ ក្រោមការរៀបចំរបស់ក្រុមហ៊ុនហុងដាជួបកៅប្រចាំខេត្តកំពង់ធំ និងគ្រួសារតារាកម្ពុជា នៅប្រាសាទសំបូរព្រៃគុក។ ពិធីនេះរួមមានក្បួនដង្ហែរដោយម៉ូតូ រថយន្ត និងក្បួនដង្ហែរដោយថ្មើជើងយ៉ាងកក្រើក យ៉ាងកក្រើក ចេញពីទីរួមខេត្តកំពង់ធំ ទៅទីតាំងតំបន់វប្បធម៌បុរាណប្រាសាទសំបូរព្រៃគុក ខណ:ដែលតារាសិល្ប: ដែលចូលរួម ក៏មិនខុសពីទេពបុត្រទេពធីតា មកពីឋានសួគ៌ប្រមូលផ្ដុំគ្នា។

លោក ជួប ចាន់ដារ៉ា ប្រធាន ហុងដា ជួបកៅ ខេត្តកំពង់ធំបានគូសបញ្ជាក់ថា លោកពិតជា​មោទនភាព​យ៉ាង​ខ្លាំងដែលក្បួនដង្ហែឈុតបុរាណក្រោមការរៀបចំរបស់ក្រុមហ៊ុនហុងដាជួបកៅ ក្រោមការចូលរួមសហការពីគ្រួសារតារាកម្ពុជា ក្លាយជាក្បួនដង្ហែឈុតបុរាណទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រ នៅប្រាសាទសំបូរព្រៃគុក ដើម្បីអបអរខួប២ឆ្នាំរបស់ប្រាសាទសំបូរព្រៃគុកចូលជាបេតិកភណ្ឌពិភពលោក ។ លោកបន្តថា ក្បួនដង្ហែឈុតបុរាណ អមដោយសិស្ស-និស្សិតមិនតិចជាងខ្ទង់ពាននាក់នេះ ត្រូវបានដង្ហែចេញពីទីតាំងក្រុមហុងដា ជួបកៅ ខេត្តកំពង់ធំ ដោយក្បួនរថយន្តឆ្ពោះទៅប្រាសាទសំបូរព្រៃគុក និងបន្តដោយថ្មើជើងជាក្បួនវែងមួយផ្សេងទៀត បន្តទៅកាន់ប្រាសាទសំបូរព្រៃគុក។

ក្បួននេះ ជាការចូលរួមសហការដោយគ្រួសារតារាកម្ពុជាទាំងស្រុង ទើបអាចធ្វើឲ្យក្បួនដង្ហែដែលរៀបចំដោយក្រុមហ៊ុនហុងដាលើកដំបូង ដែលទើបបញ្ចប់ថ្មីៗមុននេះ ជោគជ័យមិនធ្លាប់មាន។ លោកបន្ថែមថា ក្បួនដង្ហែដែលរៀបចំឡើង ត្រូវបាននាំមុខដោយឆៃយាំ និងល្ខោនខោល ដើម្បីគោលបំណងអបអរគម្រប់ខួប២ឆ្នាំនៃប្រាសាទសំបូរព្រៃគុក ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លើកស្ទួយល្ខោនខោលខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ថែរក្សាសំលៀកបំពាក់បំពាក់ទម្រង់បុរាណខ្មែរ និងបណ្តុះគំនិតឲ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សា និងចូលរួមលើកស្ទួយសម្បត្តិវប្បធម៌ទាំងអស់គ្នា។

លោករំពឹងថា ក្បួនដង្ហែឈុតបុរាណដែលក្រុមហ៊ុនហុងដា ជួបកៅ បានសហការធ្វើជាមួយគ្រួសារតារាកម្ពុជានេះ នឹងក្លាយជាក្បួនដង្ហែរទ្រង់ទ្រាយវប្បធម៌ជាប្រវត្តិសាស្ត្រ ដើម្បីឲ្យពិភពលោកកាន់តែស្គាល់ពីកម្ពុជា ជាពិសេសគឺស្គាល់ពីវប្បធម៌របស់ខ្មែរ។ លោកកោតសរសើរចំពោះការសហការយ៉ាងដុតដៃដុតជើងរបស់គ្រួសារតារាកម្ពុជា ទើបធ្វើឲ្យក្បួនដង្ហែរបស់លោកក្លាយជាក្បួនដង្ហែទទួលបានការចាប់អារម្មណ៍ដល់ម្លឹង។ លោកកាន់តែកោតសរសើរទៅទៀត នៅពេលតារាសិល្បករទាំងនោះ បានបង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងឈុតបុរាណ ដែលកាន់តែជួយឲ្យពិភពលោកស្គាល់ច្បាស់ពីខ្មែរ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោកដឹកនាំសិល្បករកុះករឲ្យគ្រងឈុតបុរាណ គឺមានហេតុផលតែមួយគត់ គឺដោយសារតែព្រឹត្តិការណ៍ទិវាវប្បធម៌បេតិកភណ្ឌជាតិ ដែលរៀបចំឡើងដោយក្រុមហ៊ុនហុងដា ជាកម្មវិធីលើកស្ទួយ និងទ្រង់ទ្រង់សិល្បៈវប្បធម៌ជាតិ។ នៅក្នុងក្បួនដង្ហែនោះ លោកថា មានការចូលរួមសុទ្ធសឹងតែសិល្បករអាជីព ដោយមានទាំងរៀមច្បង និងតារាជំនាន់ថ្មី។ ក្នុងនោះក៏មានវត្តមានម្ចាស់ពានទាំង៦រូប របស់គ្រួសារតារាកម្ពុជាកាលពីឆ្នាំ២០១៨ផងដែរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds