កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសបានជិត៣០ម៉ឺនតោន ក្នុងរយៈពេល០៦ខែនេះ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ២៨១,៥៣៨តោន កើនឡើង៣.៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន ២៧១,៥៣៧តោន។

ប្រទេសចិននៅតែនាំមុខគេ ក្នុងការទិញអង្ករពីកម្ពុជា ដោយនៅរយៈពេល៦ខែ ឆ្នាំនេះមានចំនួនជាង១១ម៉ឺន តោន ស្មើនឹង៤០ភាគរយនៃចំនួនសរុប តាមពីក្រោយដោយប្រទេសបារាំងជិត៤ម៉ឺនតោន និងប្រទេស ហ្កាបុង ចំនួន១.៦ម៉ឺនតោន។

សម្រាប់ប្រភេទអង្ករ ដែលកម្ពុជានាំចេញច្រើនជាងគេ គឺអង្ករក្រអូបចំនួនជិត២៤ម៉ឺនតោន ស្មើនឹង៨៤ភាគរយ ក្រៅពីនោះគឺអង្ករស។ សម្រាប់ខែមិថុនាកន្លងទៅថ្មីៗនេះ កម្ពុជាបាននាំចេញអង្ករបាន៣១,៣៦៦តោន កើន០.២០ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ដែលមាន៣១,៣១៨តោន។ សូមបញ្ជាក់ថា អង្ករកម្ពុជាបានលក់ទៅទីផ្សារប្រមាណ៥០ប្រទេសនៅលើពិភពលោក។ ក្រុមហ៊ុននាំចេញអង្ករមានចំនួន៧៥ក្រុមហ៊ុន។ នៅឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង៦០ម៉ឺនតោន៕

កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds