ស្រីៗចូលផឹកស៊ីក្នុងខារ៉ាអូខេស្រវឹង ចេញមកវិញកាប់គ្នាបង្កការភ្ញាក់ផ្អើល

(ឧត្តមមានជ័យ)៖ ស្រ្តី២នាក់បាននាំគ្នាចូលហាងខារ៉ាអូខេផឹកស្រាឡើងស្រវឹងធ្លាក់ភ្នែក តែមិនអស់ចិត្តក៏នាំគ្នាមកផឹកបន្តនៅបន្ទប់ជួលទេ តែមិនទាន់បានផឹកផង ស្រាប់អ្នកទាំង២ មានជម្លោះនឹងគ្នារឿងទិញស៊ុប រហូតផ្ទុះហិង្សាទាញកាំបិតកាប់គ្នា បណ្តាលឲ្យរងរបួសម្នាក់ ចំណែកអ្នកឈ្នះត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់ខ្នោះ។
ហេតុការណ៍ហិង្សាកាប់ប្រហារគ្នានេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ។

ស្រ្តីដៃដល់មានឈ្មោះ ឡេង ស្រីពៅ អាយុ២៦ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នបន្ទប់ជួលកន្លែងកើតហេតុ។ ចំណែកស្រី្តរងគ្រោះ មានឈ្មោះឈឿន ផល្លា អាយុ៣០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នបន្ទប់ជួល នៅក្បែរគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ស្រី្តរងគ្រោះ និងស្រ្តីសង្ស័យ បាននាំគ្នាទៅផឹកស៊ី និងច្រៀងខារ៉ាអូខេយីហោឈ្មោះប៊ុន រឿន ជាមួយឈ្មោះចេត ជើល លុះនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ឈ្មោះ ចេត ជើល បានឲ្យប្រាក់១០ម៉ឺនរៀល ទៅស្រ្តីដៃដល់ទិញស៊ុបយកទៅហូបផឹកស៊ីបន្តនៅបន្ទប់ជួល។

ប្រភពបន្តថា ពេលឈ្មោះ ចេត ជើល និងស្រ្តីរងគ្រោះទៅដល់បន្ទប់ជួលវិញ មិនឃើញស៊ុប ទើបស្រ្តីរងគ្រោះបានសួរទៅស្រ្តីសង្ស័យ ស្រាប់តែពេលនោះ ស្រ្តីឆ្លើយថា មិនទាន់បានយកកាំបិតបុ័ងតោកាប់ទៅលើស្រ្តីរងគ្រោះត្រូវចំបាត់ដៃខាងឆ្វេង ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ គ្រូពេទ្យដេរមុខរបួសចំនួន៦ថ្នេរ។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍ ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds