អស់កង្វល់ក្លិនផោម! ក្រុមហ៊ុនបារាំងមួយអះអាងថា ពួកគេមានថ្នាំលេបធ្វើឱ្យក្លិនផោមក្រអូបដូចផ្កាកុលាប
ក្រុមហ៊ុនបារាំងមួយបានអះអាងថា ពួកគេបានបង្កើតថ្នាំគ្រាប់ដែលនឹងធ្វើឱ្យក្លិនផោមរបស់អ្នកក្លាយជាក្លិនល្អ។ ពិតណាស់ អ្នកមិនបានអានឃ្លានេះខុសនោះទេ! ថ្នាំគ្រាប់នេះនឹងធ្វើឱ្យក្លិនផោមរបស់អ្នកប្រែជាក្លិនល្អវិញយ៉ាងមានប្រសិទ្ធភាព។ ថ្នាំគ្រាប់នេះត្រូវបានគេឱ្យដឹងថា បង្កើតឡើងដោយលោក Christian Poincheval ដែលមានទីលំនៅក្នុងទីក្រុង Gesvres ភាគខាងលិចប្រទេសបារាំង ហើយគាត់បានអះអាងថា គ្រាប់ថ្នាំនេះវាអាចផ្លាស់ប្តូរឧស្ម័ន (ក្លិនផោម) របស់អ្នក ឱ្យទៅក្នុងក្លិនក្រអូបដូចជាផ្កាកុលាប ឬសូកូឡាបាន។
ការពិតទៅគាត់បានបង្កើតថ្នាំនេះចាប់តាំងពី ឆ្នាំ២០០៧ មកម្ល៉េះ! ហើយវេបសាយរបស់គាត់ក៏បានបញ្ជាក់ផងដែរថា ថ្នាំនេះមានលក្ខណៈធម្មជាតិទាំងស្រុង ហើយគ្មានជាតិឱសថ ឬគ្រឿងញៀនណាមួយដែលធ្វើឱ្យប៉ះពាល់ មាននៅក្នុងផលិតផលរបស់ពួកគេនោះទេ។ លោក Christian Poincheval ក៏ធ្លាប់បាននិយាយជាមួយ Telegraph ជាច្រើនឆ្នាំមុនថា គាត់បានសម្រេចចិត្តព្យាយាមបង្កើតផលិតផលនេះដោយភាពចាំបាច់ បន្ទាប់ពីគាត់បានផោមនៅក្នុងពិធីជប់លៀងមួយ។
គាត់បាននិយាយថា៖ «ផោមរបស់យើងមានក្លិនស្អុយណាស់ ដែលធ្វើឱ្យយើងស្ទើរតែឈ្លក់។ ដូច្នេះយើងត្រូវតែរកដំណោះស្រាយ» គាត់ក៏បានពន្យល់ថា គាត់មានអតិថិជនគ្រប់ប្រភេទទិញផលិតផលរបស់គាត់។ គាត់និយាយថា៖ «ខ្ញុំមានអតិថិជនគ្រប់ប្រភេទ អ្នកខ្លះទិញវាដោយសារតែពួកគេមានបញ្ហា ហើយមានអ្នកខ្លះទិញវាគ្រាន់ជារឿងកំប្លែង ដើម្បីផ្ញើទៅឱ្យមិត្តភក្តិរបស់ពួកគេ។ រដូវកាលបុណ្យណូអែលតែងតែលក់ដាច់ជាងគេ»។ ប្រសិនបើអ្នកចង់ទិញថ្នាំនេះសម្រាប់ខ្លួនឯង ឬនរណាម្នាក់ ថ្នាំនេះគឺមានតម្លៃតិចជាង ២០ផោន (២២ដុល្លារអាមេរិក) ដែលលោកអ្នកអាចរកបាននៅវេបសាយ Amazon ឬវេបសាយអនឡាញដទៃផ្សេងៗ៕
កែសម្រួល៖ ស៊ាងម៉ី