សារព័ត៌មាន ABC អូស្ត្រាលី ចុះផ្សាយកោតសរសើរពីយុវតីកម្ពុជា ដែលពីមុនជាក្មេងរស់នៅគំនរសម្រាមស្ទឹងមានជ័យ តស៊ូរហូតទទួលអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យម៊ែលប៊ន
(អូស្ត្រាលី)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ABC របស់អូស្ត្រាលី បានធ្វើការផ្សព្វផ្សាយពីជីវប្រវត្តិរបស់ យុវតី រ៉ុន សុភី ដោយបាននិយាយថាបន្ទាប់ពី សុភី បានចំណាយពេល៨ឆ្នាំនៅលើគំនរសម្រាមស្ទឹងមានជ័យ នាងបានតស៊ូបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន និងចាប់ផ្តើមការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ម៊ែលប៊ន ហើយនាងក៏មានក្តីស្រមៃបង្កើតមុខរបរ អាជីវកម្មផ្ទាល់ខ្លួនមួយនាពេលអនាគត។
រ៉ុន សុភី ជាយុវតីមានជីវប្រវត្តិតស៊ូ ដោយនាងបានកើតនៅក្នុងគ្រួសារក្រីក្រមួយនៅឯខេត្តស្វាយរៀង ដោយឪពុកម្តាយប្រកបរបរបិទស្រា និងចិញ្ចឹមជ្រូក។ ក្រោយមកទៀតក្រុមគ្រួសារនាងបានចំណាកស្រុកមករស់នៅទីក្រុងភ្នំពេញដោយឪពុកនាង ប្រកបរបរធ្វើការសំណង់ កម្មករបាលូ និងរត់ស៊ីក្លូ ចំណែកឯអ្នកម្តាយលក់ពោតស្ងោរ។ ដោយមានជម្ងឺជាប់ខ្លួន និងរបររកស៊ីមិនទទួលជោគជ័យក្រុមគ្រួសាររបស់ សុភី បាននាំគ្នាមកនៅលើគំនរសំរាមស្ទឹងមានជ័យ ដោយនាងចំណាយជីវិតវ័យក្មេងរបស់នាងដល់ទៅ៨ឆ្នាំនៅលើគំនរសម្រាមស្ទឹងមានជ័យ។
ជារៀងរាល់ថ្ងៃនាង និងក្រុមគ្រួសារតែងដើររើសអេតចាយពីគំនរសំរាមដើម្បីចិញ្ចឹមក្រពះបងប្អូននាងទាំង៦នាក់ និងញ៉ាំចំណីអាហារដែលសេសសល់នៅលើគំនរសំរាម។ រស់នៅលំបាករាប់ឆ្នាំរហូតបានជួបលោក ស្កត់ នីសិន គឺជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ក៏បានជួយសង្គ្រោះនាងដោយទំនុកបំរុងឲ្យរៀនសូត្រ រហូតដល់ទទួលបានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេស ៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ ABC