វិទ្យាល័យមួយនៅប្រទេសថៃកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពេលដែលឲ្យសិស្សសាលារបស់ខ្លួនប្រើប្រាស់សារ៉ុងថៃជាឈុតឯកសណ្ឋាន
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ក្រោយពេលដែលវិទ្យាល័យមួយនៅឯប្រទេសថៃ បានឲ្យសិស្សសាលារបស់ខ្លួនប្រើប្រាស់សារ៉ុង ជាឯកសណ្ឋានសិក្សា។ ដូចដែលយើងបានដឹងស្រាប់ហើយថា វិន័យ និងការអប់រំនៃប្រទេសថៃគឺមានច្បាប់តឹងរឹងមិនធម្មតានោះឡើយ ដោយឯកសណ្ឋាននៃសិស្សវិទ្យាល័យភាគច្រើនគឺ អាវសដៃខ្លី សំពត់ក្រោមជង្គង់ សម្រាប់នារី និងអាវសដៃខ្លី ខោខ្លីលើជង្គង់សម្រាប់បុរស។ ដោយឡែកវិទ្យាល័យមួយដែលមានឈ្មោះថា កេងគ្រវិធ្យ៉ា នៅស្រុក កេងក្រ ខេត្ត ឆ័យភូមិ ប្រទេសថៃ បានតម្រូវឲ្យសិស្សសាលារបស់ខ្លួនប្រើប្រាស់អាវសជាមួយសារ៉ុងបត់ជាឯកសណ្ឋាន។ ការធ្វើបែបនេះត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយយល់ថាវាអាចធ្វើឲ្យក្មេងៗយល់ពីតម្លៃនៃការប្រើប្រាស់សារ៉ុង ដែលជាគ្រឿងតែងកាយចំណាស់មួយដែលប្រទេសថៃបានរក្សាទុកមកដល់ពេលបច្ចុប្បន្ន ហើយវាក៏បង្ហាញពីភាពស្រស់ស្អាតនៃសម្រស់របស់សារ៉ុងថៃផងដែរ៕