លោក ញឹក ប៊ុនឆៃ បដិសេធការចោទប្រកាន់ទៅលើរូបលោក ចំពោះការលក់ដី៣កន្លែង នៅខេត្តបន្ទាយមានជ័យ
ភ្នំពេញ)៖ ថ្លែងតាមរយៈសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបដិសេធការចោទប្រកាន់ទៅលើរូបលោក ចំពោះការលក់ដី៣កន្លែង នៅឃុំនិមិត្ត ឃុំប៉ោយប៉ែត និងឃុំអូរបីជាន់ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកអះអាងថា ពាក់ព័ន្ធនឹងការលក់ដីនេះ លោកមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ ដែលអាចតតាំងជាមួយគូជម្លោះ ឬបំភ្លឺកាន់តែច្បាស់ នៅក្នុងករណីដែលមានកិច្ចពិភាក្សាណាមួយ ដែលរៀបចំដោយ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
លោក ញឹក ប៊ុនឆៃ បានថ្លែងថា៖ «ឥឡូវបានប្រគល់មកខាងអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី យើងខ្ញុំរីករាយ ព្រោះយើងខ្ញុំមានឯកសារគ្រប់គ្រាន់ ដែលក្នុងករណីទាំងអស់នេះ គឺសង្ឃឹមថាយើងខ្ញុំ ទទួលបានយុត្តិធម៌នៅពេលដែលអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី ដែលនឹងមានការកោះប្រជុំនៅពេលឆាប់ៗនេះ»។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើលិខិតមួយជូន ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ឱ្យដោះស្រាយទៅលើបណ្តឹងពលរដ្ឋដែលប្តឹង លោក ញឹក ប៊ុនឆៃ អំពីភាពមិនប្រក្រតីក្នុងការលក់ដី៣កន្លែង នៅក្នុងឃុំចំនួន៣ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លិខិតនេះ ធ្វើឡើងតាមចំណារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីមានរបាយការណ៍សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺលោក សុខសុវណ្ណ វឌ្ឍនា សាពង្ស (ហៅ william guang) ប្រធានគណបក្សខ្មែរក្រោក ដែលបានចុះស្រាវជ្រាវ ពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លីនេះ៕
អត្ថបទ៖ សុខ លាភ