ភ្លៀងមួយមេធំនេះធ្វើឲ្យតំបន់មួយចំនួននៅកំពង់សោមបានលិចលង់អស់
ភ្លៀងធ្លាក់មួយមេធំចាប់ពីយប់រហូតមកដល់ជិតថ្ងៃត្រង់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ធ្វើអោយតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុដូចជាផ្នែកខ្លះនៅតាមផ្លូវឯករាជ្យ និងភូមិដ្ឋានពលរដ្ឋខ្លះទៀត បានជន់លិចដោយជំនន់ទឹកភ្លៀង។
មន្ត្រីផ្នែកប្រពន្ធ័លូ អូរ ប្រឡាយថ្លែងថាករណីជំនន់ទឹកភ្លៀងជន់លិចពេលមានភ្លៀងខ្លាំងបែបនេះ មិនមែនជាលើកទី១ទេនៅក្រុងព្រះសីហនុ ដោយសារតែទំហំអូរឬប្រឡាយរំដោះទឹកនានាបានរួមតូច តាមរយៈការសាងសង់ផ្ទះឬសំណង់ផ្សេងៗលើដីចំណីអូរ មិនមានច្បាប់អនុញ្ញាត ហើយមានសំណង់ខ្លះទៀតសាងសង់គ្មានប្រពន្ធ័លូក្រោមដីដោយចាក់ដីលុបបិទផ្លូវទឹកហូរក្នុងនោះក៏មានសំរាមរសាត់អណ្តែតបិទមាត់លូខ្លះថែមទៀតផង ទើបធ្វើអោយចរន្តទឹកហូរមិនទាន់ នាំអោយមានការជន់លិច។
ករណីនេះរដ្ឋបាលខេត្តបានធ្វើការដោះស្រាយជាបន្តបន្ទាប់ដោយប្រើវិធានការបច្ចេកទេសកាយបើកផ្លូវទឹកហូរផង និងប្រើវិធានការផ្លូវច្បាប់ទៅលើអ្នករំលោភបំពានមួយចំនួនផង ដើម្បីដោះស្រាយនិងកាត់បន្ថយការជន់លិចពេលមានភ្លៀងខ្លាំង ដោយសង្ឃឹមថាដំណើរការដោះស្រាយទប់ស្កាត់ជំនន់ទឹកភ្លៀងរបស់រដ្ឋបាលខេត្តព្រះសីហនុនឹងទទួលបានលទ្ធផលជាវិជ្ជមាននៅពេលខាងមុខនេះ។
គួរបញ្ចាក់ថាកម្ពុជាបានទទួលនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើភាគខាងជើងក្នុងទឹកដីប្រទេសថៃ ឡាវ និងវៀតណាមដោយភ្ជាប់និងវិសម្ពាធ (TD) ដែលទើបនិងកើតឡើងនៅខាងកើតកោះហៃណាំ។ ខ្យល់មូសុងនិរតី ខ្លាំង និងឥទ្ធិពលហ្វឺន (Foehn) ដែលមានល្បឿនពី 7-10m/s នៅភាគខាងក្រោមប្រទេស។ បញ្ហាខាងលើជាហេតុបណ្តាលអោយមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ហើយនៅលើផ្ទែសមុទ្រអាចនឹងមានរលកខ្ពស់ៗ៕