ខេត្តពោធិ៍សាត់ នឹងមានវារីអគ្គិសនីធំមួយមានអនុភាព៨០មេហ្គាវ៉ាត់ នឹងដំណើរការក្នុងឆ្នាំ២០២៣ 

(ភ្នំពេញ)៖ រដ្ឋសភាបានអនុម័តយល់ព្រម អនុញ្ញាតឱ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា)ឯ.ក ធ្វើការវិនិយោគគម្រោងវារីអគ្គិសនី ពោធិ៍សាត់១ លើកម្លាំងទំហំ៨០មេហ្គាវ៉ាត់ ដែលនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣។ គម្រោងវិនិយោគនេះ មានទំហំទឹកប្រាក់ប្រមាណជាង២៣០លានដុល្លារអាមេរិក។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រឱ្យក្រុមហ៊ុន អេសភីអេចភី(ខេមបូឌា) ឯ.ក បានត្រូវអង្គសភាអនុម័តកាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដោយសម្លេងគាំទ្រ១១២សម្លេង។

តាមរយៈច្បាប់នេះរាជរដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា) ឯ.ក មានឈ្មោះដើម KTC Cable Co.Ltd និងដៃគូធ្វើការសិក្សា និងអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដោយកម្លាំងអនុភាព៨០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងសាស្ត្រ ឃុំ ប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាមួយគ្នានេះដែរ សម្រាប់វិនិយោគទុនក្នុងការសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ត្រូវចំណាយថវិកាសរុប២៣១,១០លានដុល្លារអាមេរិកក្នុងរយៈពេលសម្បទាន៣៩ឆ្នាំ ដោយរយៈពេលសាងសង់៤ឆ្នាំ និង៣៥ឆ្នាំសម្រាប់ធ្វើអាជីវកម្ម។ ទន្ទឹមនេះ ការវិនិយោគ រាជរដ្ឋាភិបាលបានលើកលែងពន្ធដល់ក្រុមហ៊ុនរយៈពេល៩ឆ្នាំ។ ចំពោះបរិមាណថាមពល អគ្គិសនីផលិតប្រចាំឆ្នាំជាមធ្យម មានចំនួន៣៦០លានគីឡូវ៉ាត់ម៉ោង និងតម្លៃដល់អគ្គិសនីឱ្យ អគ្គិសនីកម្ពុជាស្មើនឹង៧.៩សេនដុល្លារអាម៉េរិក ក្នុងគីឡូវ៉ាត់ម៉ោង។

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ក៏រងផលប៉ះពាល់ គឺប៉ះពាល់ដល់ប្រជាពលរដ្ឋ៣៤៧គ្រួសារ ប៉ះពាល់លំនៅឋានចំនួន៩២ខ្នង ផ្ទះរបស់ប្រជាពលរដ្ឋ៧៨គ្រួសារ ស្ថិតនៅក្នុងតំបន់អាចទឹក ប៉ះពាល់ដីកសិកម្មរបស់ ប្រជាពលរដ្ឋចំនួន២៦៩គ្រួសារ ហើយប៉ះពាល់ផ្ទៃដីសរុបចំនួន៩.៣៥៥ហិកតា និងប៉ះពាល់ផ្ទៃ ដីព្រៃឈើសរុបចំនួន៦០០.៧២៤ហិកតា ៕

កែសម្រួល៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds