លោក គួច ចំរើន ៖ ការដ្ឋានសំណង់គ្រោងដែកទាំងអស់ត្រូវផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន
ព្រះសីហនុ៖ លោក គួច ចំរើន រួមជាមួយមន្ត្រីមន្ទីររៀបចំដែនដី និងមន្ត្រីសាលាខេត្តប្រធានមន្ទីរព័ត៌មានបានចុះពិនិត្យមើលការដ្ឋានសំណង់សង់ពីគ្រោងដែកនៅក្នុងមូលដ្ឋានសង្កាត់លេខ ៤ ក្រុងព្រះសីហនុ និងការដ្ឋានដែលជាគម្រោងវិនិយោគរបស់អ្នកវាយោគចិនចំនួន៣ នៅថ្ងៃទី២ ខែកក្កដា នេះ។
ជាមួយគ្នានេះដែរ លោក អភិបាលខេត្ត បានណែនាំឲ្យម្ចាស់ការដ្ឋានសំណង់គ្រោងដែក ត្រូវផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន ដោយទុកពេលវេលាឲ្យក្រុមមន្ត្រីជំនាញធ្វើការត្រួតពិនិត្យបច្ចេកទេសនិងគុណភាពនៃសំណង់រួចសិននឹងធ្វើការសម្រេចជាក្រោយ។
បន្ទាប់ពីពិនិត្យការដ្ឋានសំណង់នេះ លោកបានអញ្ជើញចុះទៅពិនិត្យមើលគ្រួសារជនជាតិជប៉ុន ដែលហាងរបស់គាត់ត្រូវបានអគារបាក់រលំសង្កត់នាំឲ្យខូចទាំងស្រុងកាលពីថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០១៩ កន្លងទៅ។ ហើយបានអនុញ្ញាតឲ្យជនជាតិជប៉ុនដែលជា ម្ចាស់ភោជនីយដ្ឋាន សាងសង់ផ្ទះឈើនៅទីតាំងដែលគាត់បានជួលដីនោះដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។
ជាមួយគ្នានេះដែរ លោក បានជំរុញឲ្យអាជ្ញាធរក្រុង ព្រះសីហនុត្រូវពន្លឿនការធ្វើលិខិតអនុញ្ញាតក្នុងការសាងសង់សំណង់ជូនម្ចាស់ហាងនេះឲ្យបានលឿនផងដែរដើម្បីបានបើកអាជីវកម្មរកស៊ីឡើងវិញ។
សូមបញ្ជាក់ជូនថា ជប៉ុនដែលជាម្ចាស់ហាងនេះ បានមកលក់ដូររកស៊ីក្នុងក្រុងព្រះសីហនុចំនួន ១៥ ឆ្នាំកន្លងមកហើយ៕
អត្ថបទ៖ សុខ លាភ