Pochettino រំភើបឡើងចង់យំ ខណៈកីឡដ្ឋានថ្មីរបស់ Spur បើកសាកល្បង
អ្នកចាត់ការក្លឹប Tottenham Hotspur បានលើកឡើងថា ខ្លួនមានអារម្មណ៍ចង់យំ បន្ទាប់ពីបានឃើញប្រកួតមួយលេងក្នុងកីឡដ្ឋានថ្មីរបស់ក្លឹប។
លោកបាននិយាយថា៖ ” ពួកយើងទាំងអស់មានអារម្មណ៍ដូចគ្នា គឺរំភើបណាស់។ នៅពេលពួកយើងចាកចេញពី White Heart Lane នៅថ្ងៃចុងក្រោយ យើងទាំងអស់គ្នាយំ។ ពេលនេះជាថ្ងៃដំបូងក្នុងកីឡដ្ឋានថ្មី យើងក៏មានអារម្មណ៍ដូចគ្នាដែរ។ ពួកយើងយំនេះ ដោយសារតែសុបិនក្លាយជាការពិតហើយ ” ។
កីឡដ្ឋានថ្មីរបស់ក្លឹប Tottenham Hotspur ផ្ទុកបានអ្នកទស្សនាចំនួន ៦២,០០០នាក់ ដែលគ្រោងបើកដំណើរការកាលពីរដូវក្ដៅឆ្នាំមុន តែត្រូវពន្យារម្ដងហើយម្ដងទៀត ដើម្បីការពារសុវត្ថិភាព រហូតមកដល់ថ្ងៃអាទិត្យនេះ ទើបមានការរៀបចំការប្រកួតក្នុងកីឡដ្ឋានមួយនេះ ដោយក្រុមយុវជនក្រោម ១៨ឆ្នាំរបស់ Spurs ប៉ះជាមួយ U-18 Southampton។
ប្រកួតក្រុមយុវជនកាលពីថ្ងៃអាទិត្យកន្លងទៅ ជាប្រកួតសាកល្បងលើកទី ១ ខណៈប្រកួតសាកល្បងលើកទី២ នឹងធ្វើនៅថ្ងៃសៅរ៍នេះ ដោយក្រុមវីរបុរសរបស់ក្លឹប Tottenham Hotspur ប៉ះនឹង ក្រុមវីរបុរស Inter Milan។
កីឡដ្ឋាននេះ បើកដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែមេសា ដោយត្រូវនឹងប្រកួតរវាងក្លឹប Tottenham Hotspur និងក្លឹប Crystal Palace នៅក្នុងក្របខ័ណ្ឌ Premier League៕
ប្រភព៖ Sky Sports