បន្ថយអាហារមានជាតិនេះបន្តិច អាចជៀសជំងឺទឹកនោមផ្អែម និងបេះដូងបានច្រើន!
សុខភាពពិតជារឿងសំខាន់ ហើយសុខភាពល្អ មួយផ្នែកធំភាគច្រើនបានមកពីការផ្តល់គុណភាពទៅលើរបបអាហារល្អប្រចាំថ្ងៃ ជាក់ស្តែងការស្រាវជ្រាវថ្មីនៅសហរដ្ឋអាមេរិករកឃើញថា គ្រាន់តែបន្ថយជាតិកាបូនអ៊ីដ្រាតក្នុងអាហារបន្តិច នោះជួយឲ្យជៀសពីហានិភ័យជំងឺមួយចំនួនបានប្រសើរ។
តាមការស្រាវជ្រាវពីសាកលវិទ្យាល័យរដ្ឋ Ohio សហរដ្ឋអាមេរិក បានធ្វើការពិសោធន៍ទៅលើអ្នកស្ម័គ្រចិត្ត ១៦ នាក់ ដោយតាមដានមើលពីរបបអាហាររបស់ពួកគេរយៈពេល១ខែ។ អ្នកស្ម័គ្រចិត្តពាក់កណ្តាលបរិភោគអាហារ ដែលមានជាតិកាបូនអ៊ីដ្រាតច្រើន (២៣៤ក្រាម) ចំណែកអ្នកស្ម័គ្រចិត្តផ្សេងទៀត បរិភោគអាហារដែលមានជាតិកាបូនអ៊ីដ្រាតតិច (២៣៤ ក្រាម)។
លទ្ធផលបានបង្ហាញថា អ្នកដែលមានរបបអាហារមានជាតិកាបូនអ៊ីដ្រាតតិចស្រាប់តែមានសុខភាពល្អប្រសើរ (ទោះបីពួកគេមានរាងធាត់ក៏ដោយ) ជាតិកូឡេស្តេរ៉ូសក៏ថយចុះ (មានតុល្យភាព) និងបន្ថយភាពធាត់ផងដែរ ហើយជាពិសេសជួយឲ្យអាំងស៊ុយលីនក្នុងខ្លួនអាចគ្រប់គ្រងជាតិស្ករបានយ៉ាងល្អ ហើយលទ្ធផលនេះផ្ទុយពីអ្នកដែលញ៉ាំអាហារសំបូរជាតិកាបូនអ៊ីដ្រាតច្រើន។
សម្រាប់អ្នកដែលបានឲ្យរបបអាហារសំបូរជាតិកាបូនអ៊ីដ្រាតច្រើន ស្រាប់តែមានបញ្ហាឡើងទម្ងន់ មានចង្កេះធំ ជាតិខ្លាញ់ធាត់ក្នុងខ្លួន សម្ពាធឈាមឡើងខ្ពស់ខុសធម្មតា ហើយមានបញ្ហាហើមរលាកទៀតផង។
ដូចដែលបានឃើញដូចនេះ លោកវេជ្ជបណ្ឌិត និងសាស្រ្តាចារ្យ Jeff Volek ជាអ្នកគ្រប់គ្រងការស្រាវជ្រាវខាងលើបាននិយាយថា៖
«ពិតជាគ្មានការសង្ស័យទេថា អ្នកដែលមានរបបជាតិកាបូនអ៊ីដ្រាតតិច ពិតជាអាចគ្រប់គ្រងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ ២ បានយ៉ាងល្អ។ ដូចនេះយើងអាចឃើញច្បាស់ហើយ អំពីគុណភាព និងបរិមាណចំណីអាហារសម្រាប់សុខភាព»។
គួរកត់សម្គាល់ថា អាហារដែលមានសំបូរជាតិកាបូនអ៊ីដ្រាត មានសំបូរនៅក្នុងអាហារផ្សំពីគ្រាប់ធញ្ញជាតិដូចជា នំប៉័ង ដំឡូងបារាំង គ្រាប់ធញ្ញជាតិ អាហារដែលមានជាតិស្ករ នំស្រួយ នំផ្អែម និងស្រាបៀរ ជាដើម៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។