ជប៉ុន ចាប់ផ្ដើមនេសាទត្រីបាឡែនឡើងវិញ ក្រោយជាប់បម្រាមអស់ជាង៣០ឆ្នាំ
(តូក្យូ)៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩ នេះដឹងឲ្យដឹងថាក្រុមអ្នកនេសាទជប៉ុននឹងចាប់ផ្ដើមនេសាទត្រីបាឡែនឡើងវិញ នៅថ្ងៃចន្ទនេះ ជាលើកដំបូង បំផុត ក្នុងរយៈពេលជាងបីទសវត្សរ៍មកនេះ បន្ទាប់ពីទីក្រុងតូក្យូជាប់បម្រាម ក៏ដូចជាសម្រេចចិត្ត ដកខ្លួនចេញពីគណៈកម្ម ការត្រីបាឡែនអន្តរជាតិ។
ការនេសាទត្រីបាឡែនឡើងវិញនេះ ត្រូវបានគេរំពឹងថានឹងទទួលរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ ជាពិសេសគឺពីបណ្ដាប្រទេសដែលប្រឆាំងនឹងការនេសាទត្រីបាឡែន ដូចជាអូស្ត្រាលីជាដើម។ ប៉ុន្តែ ផ្ទុយទៅវិញ ការរិះគន់ទាំងនេះមិនមានឥទ្ធិពលអ្វីលើប្រទេសជប៉ុននោះទេ ខណៈការនេសាទ និងបរិភោគត្រីបាឡែនត្រូវបានប្រជាជនជប៉ុន ចាត់ទុកថាជាប្រពៃណីរបស់ខ្លួន។
គួរជម្រាបថា ក្រុមទូកនេសាទត្រីបាឡែនជប៉ុន នឹងត្រូវធ្វើដំណើរចាកចេញពីផ្នែកជាច្រើននៃប្រទេស ជប៉ុន នៅថ្ងៃចន្ទនេះ ក្នុងនោះរួមមានទីក្រុង Kushiro ស្ថិតនៅលើកោះហុកកៃដូ ភាគខាងជើងប្រទេស។ ក្រុមអ្នករិះគន់តែងតែចោទប្រកាន់ជប៉ុនជារឿយៗថាបានប្រើប្រាស់ការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រជាលេស ដើម្បីនេសាទត្រីបាឡែន៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ CNA News